Friday, April 19, 2024
Latest:
ព័ត៌មាន​ជាតិ

នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ឃាត់ខ្លួួនស្រ្តីវ័យចំណាស់ម្នាក់ និងកុមារ៧នាក់

ភ្នំពេញ៖ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ចុះប្រតិបត្តិការស្រាវជ្រាវ បានសហការជាមួយមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ, អង្គការមេត្រីអន្តរជាតិ (AIM), អង្គការពន្លកថ្មី និងអាជ្ញាធរមូលដ្ឋាន ឃាត់ខ្លួួនស្រ្តីសង្ស័យជាអ្នកគ្រប់គ្រងម្នាក់ និងសង្គ្រោះកុមារ៧នាក់ ពាក់ព័ន្ធករណី កេងប្រវ័ញ្ចពលកម្មលើកុមារ( ក្នុងរូបភាពដើរសុំទាន) ។

ប្រតិបត្តិការនេះដោយមានការចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ សម្របសម្រួលពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងមានការបញ្ជាផ្ទាល់ដោយលោក ឩត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ធ្វើការឃាត់ស្រ្តីសង្ស័យជាអ្នកគ្រប់គ្រងម្នាក់និងសង្គ្រោះកុមារ៧នាក់ក្នុងនោះមានស្រី០២នាក់ នៅវេលាម៉ោង២រសៀលថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២០ ចំណុចតាមសួនច្បារ (ម្តុំសណ្ឋាគារសុខា) ផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នគរបាលបានអោយដឹងថាស្រ្តីគ្រប់គ្រងមានឈ្មោះ អ៊ុំ យឿន ភេទស្រី អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ និងមុខរបរមិនពិតប្រាកដ។

នគរបាលជំនាញបានអោយដឹងថា មុនឈានដល់ការឃាត់ខ្លួនស្ត្រីសង្ស័យ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនធ្វើការស្រាវជ្រាវ ជាច្រើនថ្ងៃ រហូតដល់ស៉ីជំរៅ បានចុះទៅឃាត់ខ្លួនស្រ្តីសង្ស័យនិងកុមារចំនួន៧នាក់ បានភ្លាមៗតែម្ដង នាំមកការិយាល័យជំនាញដើម្បីធ្វើការសាកសួរ។

យោងតាមស្រ្តីសង្ស័យបានរៀបរាប់អោយដឹងថា ជារៀងរាល់ព្រឹកគឺបាននាំក្មេងៗ សុំទាន នៅចំណុចតាមសួនច្បារ (ម្តុំសណ្ឋាគារសុខា) ផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វា ដើម្បីដើរសុំទាននៅក្នុងផ្សារ រហូតដល់ ម៉ោង៥ទៅម៉ោង៦ល្ងាច ទើបអោយក្មេងៗដេកនៅតាមសំយ៉ាប់ផ្ទះប្រជាពលរដ្ឋ នៅម្ដុំជ្រោយចង្វាវិញ។ ក្នុងនោះផងដែរក្មេងៗម្នាក់ៗ ក្នុង១ថ្ងៃ អាចសុំទានបានលុយ ពី២ម៉ឺនរៀល ទៅ៣ម៉ឺនរៀល រួចស្រ្តីនោះយកទាំងអស់ដោយអោយក្មេងៗម្នាក់១៥០០រៀលឬ២០០០រៀលប៉ុណ្ណោះគ្រាន់ទិញរបស់របរហូប។ សូមបញ្ជាក់ផងដែរស្រ្តីរូបនេះជាមនុស្សញៀនស្រា ថ្ងៃណាមួយដែលក្មេងៗមិនដើរសុំទាន់ស្រ្តីនោះវៃដំទៅលើក្មេងៗនោះផងដែរ។

បច្ចុប្បន្ន ស្រ្តីសង្ស័យ ត្រូវបានកម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននាំមកសាកសួរ រួចឃុំខ្លួនបណ្ដោះអាសន្នដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ចំណែកកុមារទាំង៧នាក់ ត្រូវបាននគរបាលប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕

ចែករំលែកអត្ថបទ