Friday, April 19, 2024
Latest:
សន្តិសុខ​សង្គម

ចាប់ខ្លួននាយការិយាល័យគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្តតាកែវ​ រួមជាមួយ​ស្ត្រីម្នាក់ពាក់ពន្ធ័​ ករណីជួញដូរគ្រឿងញៀន

តាកែវ​ ៖​ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿង​ញៀន ក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួនលោកឈុន សុមេធា កងរាជអាវុធហត្ថខេត្តតាកែវ​(តួនាទី)​ នាយការិយាល័យ​ប្រឆាំងបទ​ល្មើសគ្រឿងញៀន និងស្ត្រីម្នាក់ដកហូតថ្នាំញៀន​ ប្រហែល២គីឡូក្រាម​៖​ ហេតុការណ៍នេះបាន​ធ្វើឡើងកាលពី​ថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២០​ រួចបន្តចុះសហការជា​មួយកម្លាំងស្នងការដ្ឋាន​នគរបាលខេត្តតាកែវ និងមានការសំរបសំ​រួលនីតិវិធី ពីលោក​សឿន មុន្នីរ័ត្ន ព្រះរាជ​អាជ្ញារងអមសាលា​ដំបូងរាជធានីភ្នំពេញ និងលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលា​ដំបូងខេត្តតាកែវ ។

បានចុះទៅឆែកឆេរក្នុងលំនៅដ្ឋានរបស់ជនសង្ស័យចំនួនពីរទីតាំង៖ ទី១-នៅផ្ទះរបស់ជនសង្ស័យ ឈុន សុមេធា នៅភូមិកំពង់ហ្លួង ឃុំអង្គរបូរីស្រុកអង្គរបូរី ខេត្តតាកែវ ដកហូតវត្ថុតាងបាន អាវុធខ្លីចំនួន២ដើម(ប្រើហ្គាស់)​និងជញ្ជីងថ្លឹងថ្នាំញៀន០១គ្រឿង និងរុក្ខជាតិ​ញៀន(កញ្ឆា)ក្រៀមចំនួន០២ស្បោង។
ទី២- នៅបន្ទប់ជួលរបស់ជនសង្ស័យ​ ឈ្មោះ កេន ចាន់រី ភេទស្រី នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដកហូតវត្ថុតាងបានម៉ាស៊ីនកាមេរ៉ាសុវត្ថិភាព​១គ្រឿង ស្លាកលេខម៉ូតូចំនួន០៣ និងកាតគ្រីម៉ូតូ​០២​សន្លឹក។

យោងតាមរបាយការណ៍របស់​សមត្ថកិច្ច​បាន​អោយដឹងថា​ ជនសង្ស័យ​ ទី០១-​មានឈ្មោះ ឈុន​សុមេធា ភេទប្រុស មុខរបរ កងរាជអាវុធហត្ថខេត្តតាកែវ(​ មានឋានន្តរស័ក្តិ វរសេនីយ៍ត្រី ឋានៈជានាយការិយា​ល័យ​បទល្មើសគ្រឿងញៀន​ )។
ទី០២-ឈ្មោះ កេន ចាន់រី ភេទស្រី មុខរបរមិន​ពិតប្រាកដ ។

បច្ចុប្បន្ន​ ជនសង្ស័យទាំងពីរនាក់រួមជាមួយវត្ថុតាងត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នាំខ្លួនយក​ទៅ​មន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់​ ៕

ចែករំលែកអត្ថបទ