Saturday, April 20, 2024
Latest:
សន្តិសុខ​សង្គម

អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្រ្កាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួនពីរករណីផ្សេងគ្នាឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់


មុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួនពីរករណីផ្សេងគ្នាត្រូវបានកម្លាំងជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះធ្វើការបង្រ្កាបនៅទីតាំងជាក់ស្តែងដោយឃាត់ខ្លួនបានជនសង្ស័យចំនួន ០៤នាក់ ព្រមទាំងវត្ថុតាងគ្រឿងញៀនជាង៣០កញ្ចប់ និងសម្ភារៈសម្រាប់សេពមួយចំនួនផងដែរ។ ការបង្រ្កាបនេះផងដែរធ្វើឡើងដើម្បីអនុវត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពជាពិសេសបង្រ្កាបរាល់បទល្មើសដែលកើតមាននៅក្នុងមូលដ្ឋាន ក៏ដូចជាអនុវត្តទៅការណែនាំចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ករណីទី១ ៖ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងជំនាញការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះធ្វើការឆែកឆេរដោយ ឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង១៥:១០នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅចំណុច ផ្លូវលំ ភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ជនសង្ស័យទាំង៣នាក់ឈ្មោះ ៖
១-ឈ្មោះ ប៊ិន វាសនា ហៅ ម៉ង់ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ
២-ឈ្មោះ ប៊ិន ផានិត ហៅ ម៉ូង ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ។
៣-ឈ្មោះ អាត សុខមាន ហៅ ពេជ្រ ភេទប្រុសអាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ។
ដកហូតវត្ថុតាងរួមមាន ៖ -ក្រាមសថ្លា3កញ្ចប់ (ធំ01តូច2), – ជញ្ជីងថ្លឹងថ្នាំញៀន2គ្រឿង និងនិងសម្ភារៈសម្រាប់សេពមួយចំនួន។
ករណីទី២ ៖ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌកំបូលបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុច ភូមិ គល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៥:៣០នាទី ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ។
ជនសង្ស័យ ឈ្មោះ ទៀង សាអ៊ីម ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ ទីកន្លែងកំណើត ភូមិក្រសាំងជីម៉ែ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ដកហូតវត្ថុតាងរួមមាន ៖ -ក្រាមពណ៌សថ្លាចំនួន២៧កញ្ចប់ (២កញ្ចប់ធំល្មម)
បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ត្រូវបានបញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ៕

ចែករំលែកអត្ថបទ