Wednesday, April 24, 2024
Latest:
ព័ត៌មាន​ជាតិ

វិវាទដីធ្លីរវាងលោកស្រី នួន ច័ន្ទមករា និងប្រជាជន ៣៥គ្រួសារ បានបញ្ចប់ដោយ ឈ្នះ-ឈ្នះ ក្រោមម្លប់សន្តិភាព

(ភ្នំពេញ)៖ ដូចអ្វីដែលធ្លាប់បានសន្យានៅចំពោះមុខ ឯកឧត្ដម ដួង តារា អនុរដ្ឋលេខាធិការនៅទីស្តីការ គណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្ដម វី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោកស្រី នួន ច័ន្ទមករា បានខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋរងគ្រោះដែលបានទិញដីពីលោកស្រី និងបញ្ចប់វិវាទមួយនេះដោយ ឈ្នះ-ឈ្នះ។

វិវាទដីធ្លីដ៏រ៉ាំរ៉ៃរវាងលោកស្រី នួន ច័ន្ទមករា និងប្រជាពលរដ្ឋទាំង ៣៥គ្រួសារ ដែលអូសបន្លាយពេលជាច្រើនឆ្នាំនោះ ត្រូវបានដោះស្រាយបញ្ចប់ប្រកបដោយយុទ្ធសាស្ត្រា ឈ្នះ-ឈ្នះ និងសន្តិភាពបំផុត ក្រោមកិច្ចខិតខំប្រឹងប្រែងជួយសម្របសម្រួលរបស់ ឯកឧត្ដម ដួង តារា អនុរដ្ឋលេខាធិការនៅទីស្តីការ គណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ លោកស្រី នួន ច័ន្ទមករា និងតំណាងប្រជាពលរដ្ឋ បានចុះកិច្ចព្រមព្រៀងប្រគល់ និងទទួលយកដីទំហំ ៥,០០៧,៧៥៥ម៉ែត្រការ៉េ មានទីតាំងនៅភូមិទឹកល្អក់ ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ តាមគោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន។

ដើម្បីសម្ដែងនូវ ការដឹងគុណ និងអរគុណចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រជាពលរដ្ឋ ក៏បានផ្ញើលិខិតថ្លែងអំណរគុណមួយច្បាប់ជូន សម្ដេចតេជោ ហ៊ុន ផងដែរ។

លិខិតរបស់ប្រជាពលរដ្ឋ បានបញ្ជាក់ពីក្ដីរីករាយឥតឧបមា ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ជួយដោះស្រាយវិវាទដីធ្លីដ៏ស្មុគស្មាញ របស់ពួកគាត់ និងបានចាត់តាំង ឯកឧត្ដម ដួង តារា អនុរដ្ឋលេខាធិការនៅទីស្តីការ គណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់របស់ សម្តេច ព្រមទាំងក្រុមការងារ ចុះទៅជួយដោះស្រាយ។

ក្រោមម្លប់សន្តិភាព នៃការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋ ផ្ដល់ក្ដីសង្ឃឹមជឿជាក់យ៉ាងមុតមាំ និងសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ជួយសម្របសម្រួលរៀបចំធ្វើ វិញ្ញបនបត្រសម្គាល់សិទ្ធកាន់កាប់អចនលវត្ថុ(ប្លង់រឹង)ជូនពួកគាត់ឲ្យបានគ្រប់ៗគ្នា៕

ចែករំលែកអត្ថបទ