សន្តិសុខ​សង្គម

នគរបាលបញ្ជូនខ្លួនបុរសម្នាក់ទៅ ឲ្យតុលាការចាត់ការ ពាក់ព័ន្ធ ករណី ឆបោក

(ភ្នំពេញ) ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជូនខ្លួនបុរស ម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន(ឆបោកប្រាក់) ។

ជនសង្ស័យមានឈ្មោះ លីវ៉ាឌីណា ភេទ ប្រុស អាយុ៣០ឆ្នាំ មុខរបរ ពាណិជ្ជករ ស្នាក់នៅក្នុងបុរីហ្គ្រេនភ្នំពេញ ផ្ទះលេខ១១ ផ្លូវសបហៅរ៍ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សូមជម្រាបថា ជនសង្ស័យឈ្មោះ លីវ៉ាឌីណា បានទំនាកទំនងទិញដីខ្សាច់ពីដើមបណ្ដឹងអស់ជិត២ម៉ឺនដុល្លារ ដោយបានចេញមូលប្បទានប័ត្រចំនួន២សន្លឹកផ្សេងគ្នា បន្ទាប់មកដើមបណ្ដឹង(ជនរងគ្រោះ) បានយកមូលប្បទានប័ត្រទាំង២ ទៅធនាគារដើម្បីដកប្រាក់ ស្រាប់តែខាងធនាគារបានប្រាប់មកវិញថា មូលប្បទានប័ត្រទាំង២ នោះគ្មានសាច់ប្រាក់ក្នុងគណនីទេ ។

បន្ទាប់មកដើមបណ្ដឹងបានទាក់ទងទៅជនសង្ស័យឈ្មោះ លី វ៉ាឌីណា ប៉ុន្ដែជនសង្ស័យបានគេចវេសនិងបិទទូរសព្ទមិនព្រមចេញមកដោះស្រាយគ្នា ទើបជនរងគ្រោះទៅដាក់ពាក្យប្ដឹងឲ្យចាប់ខ្លួនជនសង្ស័យតាមនីតិវិធីតែម្ដង ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ លី វ៉ាឌីណា ត្រូវបាននគរបាលបញ្ជូនខ្លួនទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។

សូមបញ្ជាក់ថា សំណុំរឿងនេះកំពុងស្ថិតនៅក្នុងដំណាក់កាលព្រះរាជអាជ្ញារង ហេង ផេង ធ្វើការសាកសួរតាមនីតិវិធី ៕

ចែករំលែកអត្ថបទ