ព័ត៌មាន​ជាតិ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ ០៣នាក់ពាក់ពន្ធ័ករណីឆបោកទៅតុលាការ

ភ្នំពេញ៖​ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ០៣នាក់ ទៅតុលាការ ពាក់ព័ន្ធករណី រំលោភលើទំនុកចិត្ត ០៣ករណីផ្សេងគ្នា ។

១/ ឈ្មោះ ត្រែង ផង់ ភេទប្រុស អាយុ ១៨ឆ្នាំ ត្រូវបានកម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌចំកាមន ឃាត់ខ្លួន ពាក់ព័ន្ធករណី រំលោភទំនុកចិត្ត(កេងប្រវ័ញ្ចប្រាក់ក្រុមហ៊ុន) នៅក្រុមហ៊ុន ដំរីមាស(ឆ្នោតកោស) អាគារលេខ៣៥៧ ផ្លូវ២៧១ សង្កាត់ផ្សាដើមថ្កូវ ខណ្ឌចំកាមន រាជធានីភ្នំពេញ ដោយរូបគេបានយកប្រាក់ដែលប្រមូលពីអតិថិជនបានទៅចាយវាយជាប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យក្រុមហ៊ុនខាតបង់។

ក្រោយពេលសួរចម្លើយ បញ្ជាក់ឲ្យឃើញថា ជនសង្ស័យ ខាងលើ ពិតជា កេងប្រវ័ញ្ចប្រាក់ក្រុមហ៊ុន ទៅចាយវាយជាប្រយោជន៍ផ្ទាល់ខ្លួនពិតប្រាកដមែន ដែលធ្វើឲ្យក្រុមហ៊ុនខាតបង់ ទើបសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប។

២/ ឈ្មោះ ខេង សុគង់ ភេទប្រុស អាយុ ៣៤ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ឃាត់ខ្លួន បន្ទាប់ពីបុគ្គលិកក្រុមហ៊ុន អាយជីត្រេឌីង ម្នាក់តួនាទីអ្នកគ្រប់គ្រង ទីតាំងផ្ទះលេខ១៦៣ ផ្លូវលេខ១៩២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានប្តឹង ពាក់ព័ន្ធករណី រំលោកទំនុកចិត្ត (កិបកេងប្រាក់ក្រុមហ៊ុន ចំនួន ១៨៦៦.៩២ដុល្លាអាមេរិក។

បន្ទាប់ពីឃាត់ខ្លួនធ្វើការសួរចម្លើយរួច បញ្ជាក់ឲ្យឃើញថា ជនសង្ស័យខាងលើពិតជា កិបកេងប្រាក់ក្រុមហ៊ុន ចំនួន ១៨៦៦.៩២ដុល្លាអាមេរិក យកទៅចាយវាយជាប្រយោជន៍ផ្ទាល់ខ្លួនពិតប្រាកដមែន ទើបសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់តែម្តង ។

៣/ ឈ្មោះ អៀត ចាន់សារិទ្ធ ភេទប្រុស អាយុ ៣៥ឆ្នាំ ត្រូវបានប្រជាពលរដ្ឋជាជនរងគ្រោះម្នាក់ បានប្តឹងឲ្យ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានភ្នំពេញ ឃាត់ខ្លួន ដើម្បីសួរចម្លើយ ដោយជនសង្ស័យរូបនេះ បានយកម៉ូតូរបស់ជនរងគ្រោះ ម៉ាកZoomer X ពណ៍ទឹកប្រាក់ ស្លាកលេខ 1FW-4620 ទៅបញ្ជាំ ហើយប្រាប់ថាខ្ចីជិះទៅទិញអាហារហូប។

បន្ទាប់ពីត្រូវបានសមត្ថកិច្ចអាវុធហត្ថសួរចម្លើយ ជនសង្ស័យ ខាងលើ បានសារភាពឲ្យដឹងថា រូបគេ បានយកម៉ូតូ ០១គ្រឿង ខាងលើ ទៅបញ្ចាំនៅម្តុំវត្តអង្គតាមិញ បានតម្លៃ៣០០ដុល្លាអាមេរិក។ រូបគេបានបា្រប់ឲ្យដឹងទៀតថា កាលអំឡុងឆ្នាំ២០០៥ រូបគេធ្លាប់ជាប់ពន្ធនាគារ ខេត្តកំពង់ចាម ០២ឆ្នាំ ពីបទហិង្សាដោយចេតនា វាយជនរងគ្រោះបណ្តាលឲ្យរងរបួស ក្រោយមកក្នុងអំឡុងឆ្នាំ២០១៧ រូបគេត្រូវបានតុលាការខេត្តកំពង់ចាម ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ០២ឆ្នាំម្តងទៀត ដោយរូបគេបានបើកម៉ូតូ បុកប្រជាពលរដ្ឋបណ្តាលឲ្យរងរបួសបាក់ផ្លូវ។ កន្លងមករូបគេ តែងតែប្រើប្រាស់គ្រឿងញៀនជាប្រចាំដល់សព្វថ្ងៃ៕

ចែករំលែកអត្ថបទ