សន្តិសុខ​សង្គម

សង្ស័យស្រវឹងខ្លាំងបើករថយន្តស៊េរីទំនើបបុកបង្កាន់ដៃស្ពានខូចខាតយ៉ាងដំណំ

ភ្នំពេញ ៖ នារីម្នាក់សង្ស័យស្រវឹងស្រាបាន​បើក​រថយន្តឡង់គ្រីះស័រ ក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័ក៏ជ្រុលទៅបុកនឹងបង្កាន់​ដៃស្ពានអាកាស៧មករា រងការខូចខាត​យ៉ាង​ដំណំ​ ៖​ ហេតុការណ៍គ្រោះថ្នាក់នេះបានកើត​ឡើងកាលពីវេលាម៉ោង០៨និង៣០នាទី យប់ថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២០ នៅត្រង់ចំណុចគល់ស្ពាន អាកាស៧មករា តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់​ទឹក​ល្អក់ទី១ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។

នារីវ័យក្មេង​ ដែលបើករថយន្តបង្ក​ មិនត្រូវបាន​ស្គាល់អត្តសញ្ញាណនោះទេ​ បានបើក​រថយន្តស៊េរីទំនើបម៉ាកឡង់គ្រីះស័រ ពណ៌​ខ្មៅគ្មានស្លាកលេខ ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនដំបូងគេឃើញរថយន្តបង្កម៉ាក​ឡង់គ្រីះស័រ ពណ៌​ខ្មៅគ្មានស្លាកលេខ​ បើក​បរដោយនារីស្រស់ស្អាតម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធ រុស្សុី ទិសដៅពីកើត​ទៅ​លិច ក្នុងល្បឿនយ៉ាងលឿន ខណៈ មក​ដល់ចំណុចកើតហេតុខាងលើក៏រ៉េចង្កូតមក​ស្ដាប់ដៃ​ ជ្រុលទៅបុកនឹងបង្កាន់ដៃស្ពានអាកាស ៧មករា ពេញទំហឹង បណ្តាលឲ្យរងការខូចខាតបង្កាន់ដៃស្ពានបន្តិចបន្តួច ចំណែក​ឯរថយន្តវិញបានរងការខូចខាតផ្នែកខាងមុខបែកធុងទឹក បែកប្រេងម៉ាស៊ីនហូរតាមផ្លូវ រថយន្តបាន ព្យាយាមបើករត់បានចំងាយប្រហែល ១០០ម៉ែត្រមកឈប់នៅការ៉ាស់សាំងសូគីម៉ិច ដោយសារតែរថយន្តមានផ្សែងហុយចេញពីក្នុងម៉ាស៊ីនហើយអ្នក​បើកបរខ្លាចឆេះក៏ឈប់រថយន្ត សំណាងល្អដែលមិនបង្កអោយមានអ្នករងរបួស​ ខូចខាតតែរថយន្ត ប៉ុណ្ណោះ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងស្ទូចយករថយន្តបង្កព្រមទាំងស្រីស្អាតជាអ្នកបើករថយន្តនោះទៅស្នងការ នគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕

ចែករំលែកអត្ថបទ