សន្តិសុខ​សង្គម

អ្នកសារព័ត៌មាន​ម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍​ស្លាប់បាត់បង់ជីវិតយ៉ាងអណោច​ អធម៌

ភ្នំពេញ ៖​ បុរសម្នាក់ដែលជាអ្នកសារព័ត៌មាន​បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិងកន្លែង​យ៉ាងអាណោច​ អធម៌​ បន្ទាប់ពីបុរសម្នាក់បាន​បើកម៉ូតូកង់បី​ឥណ្ឌា​បត់ត្រឡប់ក្រោយមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញ​ទំហឹង ៖​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង​១១និង៤០នាទីយប់ថ្ងៃទី៣០ខែមីនាឆ្នាំ២០២​០​ នៅតាមបណ្ដោយផ្លូវទន្លេសាប ត្រង់ចំណុចជិតអូរតែល សុខា​ ក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ តុល ម៉ាត់ ភេទ​ប្រុសអាយុ៤២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបអ្នកសារព័ត៏មានអង្គភាព KVPD NEWS​ស្នាក់នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ មានស្រុកកំណើត​ភូមិឈើទើ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

យោងប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរស​រងគ្រោះជិះម៉ូតូPCX​ពណ៌ស ពាក់ស្លាក​លេខ​ភ្នំពេញ1GU-5286​ ដោយធ្វើដំណើរតាមបណ្តោយផ្លូវទន្លេសាប ទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ​ ជិតអូតែលសុខា​ ស្រាប់តែមានម៉ូូតូកង់បីឥណ្ឌា មួយគ្រឿង​ពណ៌ស ពាក់ស្លាកលេខភ្នំពេញ​1GR-4683​ បើកបរដោយបុរសម្នាក់​ ធ្វើ​ដំណើរ​តាមបណ្តោយផ្លូវទន្លេសាប ទិសដៅ​ពីត្បូងទៅជើង បញ្ច្រាសគ្នា​ រួចក៏បត់ឆ្វេងដៃត្រឡប់ក្រោយ​ ខ្វះការប្រុងប្រយត្ន័ក៏ជ្រុលទៅ​បុក​ម៉ូតូ​ជនរងគ្រោះពេញទំហឹងបណ្ដាល​ឲ្យម្ចាស់ម៉ូូតូដួលបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗគួរអោយសង្វេក​ ។ ចំណែកម៉ូតូកង់បីក្រឡាប់ផ្ងារជើងមួយចំហៀង​ ខូចខាតតិច​តួច​ ឯម្ចាស់រងរបួស​ស្រាល​ បានរត់គេចខ្លួន​ ចេញពីកន្លែងកើត​ហេតុបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងសមត្ថកិច្ចជំនាញចុះវាស់វែងយក​ម៉ូតូ​កង់បីឥណ្ឌានិងម៉ូូតូជនរងគ្រោះទៅរក្សាទុក​នៅការិយាល័យចរាចរណ៏ផ្លូវគោក រាជធានី​ភ្នំពេញដើម្បីកសាងសំណុំចាត់ការបន្តតាម​ និតិវិធីច្បាប់​ ៕