ព័ត៌មាន​ជាតិ

កម្ពុជារក​ឃើញករណីវីរុស​Covid-19 មួយ​ទៀត​ហើយ​ នៅលើខ្លួនស្ត្រីជនជាតិអង់​គ្លេស​​ម្នាក់ អាយុ៦៥ឆ្នាំ ចូលមកកម្ពុជាពីប្រទេសវៀតណាម

ភ្នំពេញ៖ ​នាព្រលប់ថ្ងៃទី១០ខែមីនា ឆ្នាំ២០២០​នេះ នៅទីស្តីការក្រសួងសុខាភិបាលបានធ្វើ​សន្និសីទសារព័ត៌មាន ស្ដីពីករណីវីរុសកូវីដ១៩​ ៖​ ក្នុងសន្និសីទសារព័ត៌មាននោះដែរ​លោក​សា​ស្រ្តា​ចារ្យ​ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង​សុខា​ភិបាលកម្ពុជា បានប្រកាសថា ក្រសួង​សុខាភិបាល បានរកឃើញនូវករណីវីរុសកូវីដ១៩ មួយករណីទៀត លើខ្លួនស្រ្តីជនជាតិអង់គ្លេស​ម្នាក់ អាយុ៦៥ឆ្នាំ ដែលបានចូលមកខេត្តកំពង់ចាម ប្រទេសកម្ពុជា តាមទូកទេសរណ៍ ដែលចេញពីកំពង់ផែហូជីមីង ប្រទេសវៀតណាម។ នេះគឺជាករណីទី៣ នៅកម្ពុជា បន្ទាប់ពីរកឃើញករណីទី១ នៅលើខ្លួនជន​ជាតិចិនដែលត្រូវបានព្យាបាលជាសះ​ស្បើយ ហើយត្រឡប់ទៅប្រទេសចិនវិញ និងករណីទី២ នៅលើខ្លួនជនជាតិខ្មែរអាយុ​៣៨ឆ្នាំ នៅខេត្តសៀមរាប។

លោករដ្ឋមន្រ្តីបានបញ្ជាក់ឲ្យដឹងទៀតថា នៅ​រសៀលម៉ោង៤ និង៣០នាទី ថ្ងៃទី១០ខែមីនា ឆ្នាំ២០២០នេះ លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបញ្ជាក់ថា ស្ត្រីជនជាតិអង់គ្លេស​ម្នាក់អាយុ៦៥ឆ្នាំ​ មានវិជ្ជមានវីរុស​Covid-19​ស្ត្រីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ ដែលមានផ្ទុកមេរោគ Covid-19 គឺជាអ្នកដំណើរតាម​នាវាឈ្មោះ Viking Cruise Journeyចេញ​ពីកំពង់ផែ My Tho នៃទីក្រុងហូជីមិញសំដៅ​មកទីក្រុងភ្នំពេញ តាមរយៈចូវដុក ក្អមសំណរ និងបន្តទៅចូលចតក្នុងទីរួមខេត្តកំពង់ចាម៕

ចែករំលែកអត្ថបទ