Tuesday, April 23, 2024
Latest:
សន្តិសុខ​សង្គម

អាណិតណាស់! ក្មេងប្រុសអាយុ០៨ឆ្នាំម្នាក់​ដុតផាវផ្ទុះត្រូវភ្នែកស្លាប់យ៉ាងអាណោចអធម៌

កណ្ដាល៖​ ក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ទិញផាវ​យកមកដុតលេងផ្ទុះរងរបួសធ្ងន់​ បន្ទាប់មក​បានស្លាប់​បាត់បង់ជីវិតក្រោយបញ្ជួនទៅ​មន្ទីរ​ ពេទ្យ​ ដើម្បីជួយសង្គ្រោះ
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាល​ពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២៥ខែ​មករាឆ្នាំ២០២០​ នៅចំណុច​ ភូមិពោធិក្រោម ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនរងគ្រោះឈ្មោះ ផាន់ណា ដារ៉ូ ភេទប្រុសអាយុ០៨ឆ្នាំ​ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ​ ។

សមត្ថកិច្ចបានបន្តថា​ នៅព្រឹកថ្ងៃកើត​ហេតុ​វេលាម៉ោងប្រហែល៧និង០០នាទី ​ឪពុកក្មេងរងគ្រោះបាននាំកូនទៅលេងផ្ទះឈ្មោះ ហួថារី (ត្រូវជាបង) លុះដល់ម៉ោង​ប្រហែល​០៩​ព្រឹក​ ឪពុកជនរងគ្រោះបានត្រឡប់មកផ្ទះវិញ ដោយទុកកូន​អោយនៅលេងផ្ទះឈ្មោះ ហួថារី រហូតដល់វេលាម៉ោង១០​និង​១៥នាទី​ព្រឹកបានឮ សំលេងផ្ទុះ ភ្លាម​ៗនោះឈ្មោះ​ ហួ ថារី ក៏រត់ទៅមើល​ ស្រាប់តែឃើញ​​ក្មួយដេកនៅនឹងដីមានស្នាមរបួសមុខ រួចក៏បានបញ្ជូន​ទៅមន្ទីរពេទ្យជ័យជំនះ តែ​ជា​អកុសល​ ជន​រងគ្រោះបានស្លាប់ទៅហើយ ពេលនោះក៏​បាន​បញ្ជូនត្រឡប់មកផ្ទះវិញ។

សមត្ថកិច្ចបានបន្ថែមទៀតថា​ តាមសាក្សី ឈ្មោះ ម៉ង ម៉ានោ ភេទប្រុសអាយុ ០៥ឆ្នាំដែលជាក្មេងលេងជាមួយគ្នាបានប្រាប់ថាឈ្មោះ ផាន់ណា ដារ៉ូ (​ ជនរងគ្រោះ​ )បានជិះ​កង់ទៅទិញផាវ នៅផ្ទះឈ្មោះ ណាំ​ ហើយ​ យកមកដុតដាក់ចូលក្នុងធុងសាំង រួចអើត​មើលក៏ផ្ទុះធុងសាំង ឡើងលើបុកនិងដំបូល​ផ្ទះឈ្មោះ​ ហួថារី ហើយចំណែក​ ក្មេងប្រុស​រងគ្រោះបានដួលទៅលើដីរបួសធ្ងន់​ ។

ក្រោយពេលសមត្ថកិច្ចជំនាញពិនិត្យធ្វើកោសល្យ​វិច្ឆ័យ​ និងកំណត់ហេតុរួចបាន​ប្រគល់សពជនរងឲ្យទៅក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ