Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

សមត្ថកិច្ច ឃាត់ខ្លួនមេភូមិ និងបក្ខពួកម្នាក់ ពាក់ព័ន្ធករណីឈូសឆាយរុករានដីព្រៃរបស់រដ្ឋលក់ជិត ២០០ហិកតា នៅស្រុកវាលវែង

(ពោធិ៍សាត់)៖ មន្ត្រីជំនាញ នៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងកម្លាំងនគរបាលស្រុកវាងវែង កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ កន្លង​ទៅ បានចុះបង្ក្រាបករណីឈូសឆាយរុករានទន្ទ្រានយកដីព្រៃរបស់រដ្ឋលក់ដោយខុស​ច្បាប់ នៅចំណុចតំបន់អណ្តូងស្រុក ស្ថិតក្នុងភូមិសំឡាញ់ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិសាត់។

នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ២នាក់ រួមមានទី១ឈ្មោះ ពេញ សារ៉ន ភេទប្រុស អាយុ ៤៩ឆ្នាំ ជាមេភូមិសំឡាញ់ និងទី២ឈ្មោះ វង់ ផល្លា ភេទប្រុស អាយុ ៥០ឆ្នាំ ជាមេការចាំដី និងជាអ្នកជួលគ្រឿងចក្រឈូសឆាយដី នៅតំបន់ខាងលើ។

លោកវរសេនីយ៍ឯក ធាង ឡេង អធិការនគ​រ​បាលស្រុកវាលវែង បានប្រាប់អ្នកសារ​ព័ត៌​មានថា ជនសង្ស័យត្រូវបានសមត្ថកិច្ច និង​មន្ត្រីជំនាញស្រាវជ្រាវ ឈានដល់ឃាត់ខ្លួន ពាក់ព័ន្ធករណី ឈូសឆាយរុករានទន្ទ្រានដី​ព្រៃរបស់រដ្ឋទំហំ ១៦៩ហិកតា នៅចំណុចតំបន់អណ្តូងស្រុក ស្ថិតក្នុងភូមិសំឡាញ់ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិសាត់ ដើម្បីលក់ និងទិញដោយខុសច្បាប់។

លោកអធិការ បានបន្ថែមថា ករណីនេះអាជ្ញាធរខេត្ត និងមន្ត្រីជំនាញ កំពុងបើក​ប្រតិបត្តិក្តៅ ដើម្បីឈានដល់ការឃាត់ខ្លួន​បក្ខពួកដែលពាក់ព័ន្ធមួយចំនួន ជាបន្តទៀត។

ដោយឡែក ជនសង្ស័យទាំង ២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចស្រុកវាងវែង កសាងសំណុំ​រឿងបញ្ជូនទៅកាន់ស្នងការដ្ឋាន​នគរ​បាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តតាម​នីតិវិធី៕

ចែករំលែកអត្ថបទ