Tuesday, April 23, 2024
Latest:
ព័ត៌មាន​ជាតិ

បញ្ជួនខ្លួនជនសង្ស័យជាម្ដាយ​ ពេជ្រ​ សូលីកា​ទៅតុលាការ​ ចាត់ការតាមច្បាប់ពាក់ពន្ធ័ករណីសម្លាប់មនុស្ស

ភ្នំពេញ នៅព្រឹកថ្ងៃទី១៥ខែមករា ឆ្នាំ២០២០នេះកម្លាំងនគរបាលខណ្ឌមានជ័យបានបញ្ជូនខ្លួនស្ដ្រីឃាតកដែលជាម្ដាយបង្កើត របស់តារាចម្រៀងល្បីឈ្មោះពេជ្រ សូលីកា ទៅតុលាការដើម្បីធ្វើការសាកសួរពាក់ព័ន្ធនិងករណីឃាតកម្មសម្លាប់ស្ដ្រីម្នាក់ កាលពីថ្ងៃទី១១ខែមករា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ។

សូមជម្រាបថា ជនរងគ្រោះដែលស្លាប់មានឈ្មោះ ងិន សុខលី ភេទស្រី អាយុ៥០ឆ្នាំមានទីលំនៅផ្ទះលេខ59 ផ្លូវលេខ134 សង្កាត់ ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរលក់កាហ្វេត្រូវបានស្ត្រីជាជនសង្ស័យសម្លាប់នៅក្នុងផ្ទះលេខ L42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានស្នាមចងដៃទាំងសងខាងនិងមានស្នាមដាច់រលាត់ស្បែក ក្រោមភ្នែកទាំងសងខាងផងដែរ។

ស្ត្រីជាជនសង្ស័យមានឈ្មោះ ស៊ិន ស្រីនាង អាយុ៤៥ឆ្នាំមុខរបរនៅផ្ទះស្នាក់នៅផ្ទះលេខ L42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ត្រូវជាម្តាយរបស់តារាចម្រៀង ពេជ្រ សូលីកា។ ចំពោះសម្ភារដែលជនរងគ្រោះបាត់បង់ រួមមាន ចិញ្ចៀនពេជ្រចំនួន០២វង់ ដែល១វង់មានដាំពេជ្រធំល្មមចំនួន៣គ្រាប់ និង១វង់ទៀតមានដាំពេជ្រតូចៗចំនួន០៣ជួរ ហើយត្រូវសមត្ថកិច្ចនាំទៅដកហូតវិញ នៅផ្សារកណ្ដាល នារសៀលថ្ងៃទី១៣ខែមករា ឆ្នាំ២០២០។

លោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថាកាលពីថ្ងៃទី១១ ខែមករាឆ្នាំ២០២០ វេលាម៉ោង១០និង០០នាទីយប់ ជនរងគ្រោះឈ្មោះ ងិន សុខលី បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ម្នាក់ឯងមកលេងផ្ទះរបស់ជនសង្ស័យ ឈ្មោះ ស៊ិន ស្រីនាង(ពួកគេទាំង២នាក់ មានទំនាក់ទំនងស្នេហាស្រីដូចគ្នា) នៅចំណុចផ្ទះលេខ L42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ)

លោកម៉េង វិមានតារាបន្តថាពេលនោះជនសង្ស័យបានឃើញជនរងគ្រោះ ពុំមានពាក់ចិញ្ចៀនពេជ្រទាំង០២វង់ដូចធម្មតា បានខឹងប្រច័ណ្ឌ (ដោយសង្ស័យថា ជនរងគ្រោះមានទំនាក់ទំនងជាមួយស្រីផ្សេងទៀត) ហើយជនសង្ស័យក៏បានទារលុយចំនួន១៥,០០០ដុល្លារដែលឲ្យយកទៅរកស៊ីចងការ ពីជនរងគ្រោះមកវិញតែជនរងគ្រោះមិនព្រមឲ្យក៏មានទំនាស់វាយប្រតាយប្រតប់គ្នាខណៈនោះជនរងគ្រោះមានអាការៈទន់ដៃជើង ដូចមនុស្សស្រវឹងស្រាជោគជាំ ជនសង្ស័យបានយកខ្សែអាវធ្វើពីក្រណាត់ ០១ខ្សែ មកចងដៃជនរងគ្រោះទៅក្រោយ ហើយចាប់ក្បាលសង្កត់មុខផ្ទប់ជាមួយខ្នើយកើយ រហូតថប់ដង្ហើមស្លាប់ ទើបជនសង្ស័យបានស្រាយខ្សែដៃ ជនរងគ្រោះ រួចរៀបចំដាក់សពឲ្យដេកដូចមនុស្សធម្មតា។

លោកអធិការបានបន្តទៀតថា លុះដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១និង៤០នាទីរសៀល ទើបជនសង្ស័យបានឲ្យក្រុមគ្រួសារ មករាយការណ៍ប្រាប់ នគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ពីរឿងជនរងគ្រោះបានស្លាប់ក្នុងផ្ទះរបស់ខ្លួន។ បន្ទាប់មកកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បានចុះមកពិនិត្យធ្វើកោសល្យវិច័យ លើសាកសពជនរងគ្រោះឈ្មោះ ងិន សុខលី។

ជាលទ្ធផលឃើញមានស្នាមចងដៃទាំងសងខាង បណ្តាលឲ្យដាច់រលាត់ស្បែក និងមានស្នាមដាច់រលាត់ស្បែកក្រោមភ្នែកទាំងសងខាងហើយសពស្លាប់ដោយសារខ្ទប់ផ្លូវដង្ហើម​(ពាក់ព័ន្ធករណីឃាតកម្ម) ក្នុងពេលនោះសមត្ថកិច្ចមានការសង្ស័យទៅលើឈ្មោះ ស៊ិន ស្រីនាង (ជាម្ចាស់ផ្ទះដែលជនរងគ្រោះបានដេកស្លាប់) ក៏បាននាំខ្លួនយកទៅសាកសួរ នៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម តែជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង បានព្យាយាមឆ្លើយភូតកុហក់ អស់រយៈពេលយ៉ាងយូរទើបជនសង្ស័យព្រមឆ្លើយសារភាពថា រូបគាត់ពិតជាបានសម្លាប់ជនរងគ្រោះឈ្មោះ ងិនសុខលី ពិតប្រាកដមែន។

លោក ម៉េង វិមានតារា បានបញ្ជាក់ទៀតថា ជាមួយគ្នានោះឈ្មោះ សុខ នី ដែលត្រូវជាបងស្រីបង្កើតជនរងគ្រោះបានមកពិនិត្យមើលសាកសពជនរងគ្រោះ ហើយក៏បានដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង។ បច្ចុប្បន្នជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

ចែករំលែកអត្ថបទ