Wednesday, April 24, 2024
Latest:
ព័ត៌មាន​ជាតិ

លោក សេង គឹមឡាក់ ដោះលែងជនជាតិចិន ២នាក់ ដែលពាក់ព័ន្ធរឿងបង្ខាំង ធ្វើទារុណកម្ម និងជំរិតទារប្រាក់ ទាំងយប់ ក្រោយរកកំហុសមិនឃើញ

(ភ្នំពេញ)៖ បន្ទាប់ពីកម្លាំងនគរបាល​ព្រហ្មទណ្ឌខណ្ឌ៧មករា កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធ បង្ខាំង ធ្វើទារុណកម្ម ដើម្បីជំរិតទារ​ប្រាក់កាលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ម្សិលមិញនោះ ឥឡូវនេះ ក្រុមជនសង្ស័យជាជនជាតិចិនចំនួន២នាក់ត្រូវគេរាយការណ៍ថា បានរួចខ្លួនវិញហើយ។

ប្រភពព័ត៌មានពី សមត្ថកិច្ចដែលខំតាមចាប់​ខ្លួនក្រុមជនសង្ស័យ បានបង្ហើបថា លោក សេង គឹមឡាក់ តំណាងអយ្យការអមសាលា​ដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបសួរ និងសម្រេចដោះលែង បុរសជាជនជាតិចិនទាំង ២នាក់ នៅវេលាម៉ោងប្រមាណជិត ៨យប់ថ្ងៃទី១៣ខែមករា ឆ្នាំ២០២០ម្សិលមិញ។

ទោះជាយ៉ាងណា ប្រភពមិនបានបញ្ជាក់ពី​មូលហេតុច្បាស់លាស់នៃការដោះលែងក្រុមជនសង្ស័យទេ ដោយគ្រាន់តែលើកឡើងថា អាចមកពីតំណាងអយ្យការរកកំហុសរបស់ក្រុមជនសង្ស័យមិនឃើញដូចអ្វីដែលនគរ​បាលយុត្តិធម៌ បានកសាងបញ្ជូនទៅ។

ជុំវិញករណីដោះលែងជនសង្ស័យជាជនជាតិ​ចិន២នាក់ ដែលពាក់ព័ន្ធសំណុំរឿងឧក្រិដ្ឋមួយនេះ អ្នកសារព័ត៌មាន នៅពុំអាចសុំការបញ្ជាក់ពី អ្នកនាំពាក្យ នៃអយ្យការអម​សាលាដំបូង បាននៅឡើយទេ​ដោយសារ​តែ លោកពុំទាន់ឆ្លើយសំនួរបស់អ្នកសារព័ត៌​មានដែលបានផ្ញើជូននៅក្នុងគ្រុប​Telegram។

បើយើងតាមរបាយការណ៍របស់ សមត្ថកិច្ច ជនសង្ស័យដែលត្រូវបាន លោក សេង គឹមឡាក់ សម្រេចដោះលែង ទី១មានឈ្មោះ Hong Laing ភេទប្រុស ភេទ ៣២ឆ្នាំ ជនជាតិចិន និងទី២ឈ្មោះ Pan Xusheng ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន។

គួររម្លឹកថា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល​បឹងព្រលឹត ខណ្ឌ៧មករា បានឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ តាមបណ្តឹងរបស់ជនរង​គ្រោះឈ្មោះ ZHOU CHAOJAIANG ភេទប្រុស ពាក់ព័ន្ធករណី ផ្តើមគំនិតក្នុងអំពើបង្ខាំងមនុស្សដោយខុសច្បាប់មានស្ថានទម្ងន់ទោស ដើម្បីជំរិតទារប្រាក់ និងបទ សមគំនិត ប្រព្រឹត្តកាលពីយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ នៅចំណុច សណ្ឋាគារ សៅអាស៊ី វីយូ ផ្ទះលេខ ៥៣+៥៥ ផ្លូវ​លេខ​១១៣ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ៕ប្រភព៖​ Fresh News

ចែករំលែកអត្ថបទ