Tuesday, November 5, 2024
Latest:
សន្តិសុខ​សង្គម

នារីក្លាហា​ន(បងធំមេសាង)ត្រូវនគរបាលឃាត់ខ្លួនហើយ

ព្រៃវែង)៖ បន្ទាប់ពីបែកធ្លាយវីដេអូ​ កក្រើកពេញបណ្តាញសង្គមFacebook​ដែល​យុវតី​ ម្នាក់រហ័សនាម(បងធំមេសាង ខេត្តព្រៃវែង)​ប្រើប្រាស់កាយវិការមិនសមរម្យនិងគំរាមវាយគូជម្លោះ ដោយគ្រាន់តែជិះម៉ូតូទៅលេងស្រុករបស់ខ្លួននោះ ពេលនេះត្រូវបានកម្លាំង​សមត្ថកិច្ចស្រាវជ្រាវតាមចាប់ខ្លួនយកសួរនាំ ហើយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ។

បើយោងតាមរយៈវីដេអូ​ ដែលគេនាំគ្នាចែក​ចាយពេញក្នុងបណ្ដាញសង្គមកាលពីពេល​ថ្មីៗ​នេះ​ យុវតីខាងលើ​ និងបក្ខពួកជាច្រើននាក់ ទៀតបានស្ទាក់ម៉ូតូរបស់យុវតីចំនួន៤នាក់ផ្សេងទៀត ដែលជាអ្នកមកពីស្រុកផ្សេង មិនមែននៅស្រុកមេសាងនោះ​ ។ ហើយ​មូលហេតុដែលក្រុមយុវតីបងធំស្ទាក់សួរនាំ និងគំរាមរកវាយនោះ ដោយសារតែភាគី​ម្ខាងទៀត បានមើលមុខឌឺដងដាក់ខ្លួន។

សមត្ថកិច្ចនគរបាលស្រុកមេសាងបានឲ្យដឹង​នៅរសៀលថ្ងៃទី១៣ខែមករាឆ្នាំ២០២០នេះថា ក្រោយពីបានឃើញវីដេអូមិនសមរម្យដែលត្រូវបានចែកចាយ ក្នុងបណ្ដាញហ្វេស​ប៊ុក​ ដែលអាចនាំអោយប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ក៏បានធ្វើការ​ស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនយុវតី​រូបនោះយកមកសួរនាំ។

យុវតីដែលអ្នកប្រើប្រាស់បណ្ដាញសង្គមឲ្យរហ័សនាមថា «បងធំមេសាង» មានឈ្មោះ ចាន់រី ជាសិស្សរៀនថ្នាក់ទី១១ នៅវិទ្យាល័យមេសាង ហើយកើតហេតុតាំងពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០កន្លងមកម្លេះបន្ទាប់ពីយុវតី​ទាំងអស់នោះ មកពីមើលគេប្រកួតបាល់នៅ​វិទ្យាល័យមេសាង។

អធិការនគរបាលស្រុកមេសាង បានបញ្ជាក់ថា បន្ទាប់ពីឃាត់ខ្លួនមកសួរនាំ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការអប់រំយុវតីខាងលើ ហើយបានអោយអាណាព្យាបាល មកធានានិងធ្វើកិច្ចសន្យាឲ្យបញ្ឈប់​នូវសកម្មភាព​បែបនេះ ទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ មិនបានកសាងសំណុំរឿងបញ្ជួននោះទេ៕