Friday, December 13, 2024
Latest:
ព័ត៌មាន​ជាតិ

លោកចៅក្រម ប៊ុន ធី ប្តូរបទចោទលើលោកប៉ូលីស ហេង សុវណ្ណារ៉ា ពី ប៉ុនប៉ងឃាតកម្ម ទៅជាធ្វើឲ្យខូចខាត និងប្រើអាវុធខុសច្បាប់ ករណីយកកាំភ្លើង AK បាញ់រះផ្ទះពលរដ្ឋជាង១០គ្រាប់នៅខណ្ឌសែនសុខ

(ភ្នំពេញ)៖ ទីបំផុតសំណុំរឿងរបស់ជនត្រូវចោទ ឈ្មោះ ហេង សុវណ្ណារ៉ា ជានាយរងការិយាល័យប្រឆាំងគ្រឿងញៀន (ក៤) ក្រសួងមហាផ្ទៃ ដែលបានប្រើប្រាស់កាំភ្លើង AK បាញ់រះផ្ទះពលរដ្ឋ ប៉ុនប៉ងសម្លាប់ម្ចាស់ព្រោះរឿងគំនុំ នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានតុលាការបិទការស៊ើបសួរ និងបញ្ជូនទៅជំនុំជម្រះហើយ។

ប៉ុន្តែអ្វីដែលក្រុមគ្រួសារជនរងគ្រោះ និងមហាជនទូទៅ រួមទាំងអ្នកច្បាប់ផង បង្ហាញអំពីការខកចិត្ត និងហាក់បាត់ជំនឿលើប្រព័ន្ធយុត្តិធម៌នោះគឺនៅត្រង់ថា លោក ប៊ុន ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចប្តូរបទចោទប្រកាន់លើជនត្រូវចោទឈ្មោះ ហេង សុវណ្ណារ៉ា ពីបទ ប៉ុនប៉ងឃាតកម្ម ដែលជាបទល្មើសឧក្រិដ្ឋដែលអាចប្រឈមការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលពី ១០ឆ្នាំ ទៅ១៥ឆ្នាំ នោះ ទៅជាបទ ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោសដោយសារប្រើវិធីគ្រោះថ្នាក់ដល់បុគ្គល និងបទ កាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ដែលសុទ្ធសឹងជាបទល្មើសមជ្ឈិម ដែលអាចប្រឈមការផ្តន្ទាទោសត្រឹមតែរយៈពេលពីចន្លោះ ៦ខែ ទៅ៥ឆ្នាំ។ នេះបើយោងតាមលិខិតជូនដំណឹង ឬជូនព័ត៌មាន ស្តីពីការជូនរឿងទៅជំនុំជម្រះ លេខ១១១៨ “ន”ព្រទ ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ របស់លោក ប៊ុន ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ជនត្រូវចោទ លោកវរសេនីយ៍ ហេង សុវណ្ណារ៉ា នាយរងការិយាល័យប្រឆាំងគ្រឿងញៀន (ក៤) ក្រសួងមហាផ្ទៃ ត្រូវបានលោក ប៊ុន ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបង្គាប់ឲ្យឃុំខ្លួនជាបណ្តោះអាស្ន នៅពន្ធនាគាររាធានីភ្នំពេញ (PJ) កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ តាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៤៣៩២ “ន” ដ.ព.ស ក្រោមបទចោទ ប៉ុនប៉ងឃាតកម្ម ប្រព្រឹត្តកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះជួល ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ យោងតាមមាត្រា ២៧ និងមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។

គួររម្លឹកថា ជនត្រូវចោទឈ្មោះ ហេង សុវណ្ណារ៉ា ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ នគរបាល មានតួនាទីជា នាយរងការិយាល័យប្រឆាំងគ្រឿងញៀន (ក៤) ក្រសួងមហាផ្ទៃ ត្រូវនគរបាលខណ្ឌសែនសុខ ឃាត់ខ្លួន កាលពីកណ្តាលយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩។

ការឃាត់ខ្លួនជនត្រូវចោទ ធ្វើឡើងបន្ទាប់ពី ជនត្រូវចោទបានប្រើប្រាស់ កាំភ្លើង AK ស្វាយបត់ បាញ់ចំនួន ១១គ្រាប់ ប៉ុនប៉ងសម្លាប់ ជនរងគ្រោះឈ្មោះ សុង សូណា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បោកអ៊ុតខោអាវ ស្នាក់នៅផ្ទះជួលលេខ១០ ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ហេតុការណ៍បាញ់បោះបង្កឡើងដោយជនត្រូវចោទឈ្មោះ ហេង សុវណ្ណារ៉ា បានកើតឡើង នៅវេលាម៉ោង ម៉ោង១០ និង៣០នាទី យប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះបោកអ៊ុតស៊េរីទំនើប ផ្លូវបេតុង ក្រោយមន្ទីពេទ្យរ៉ូយ៉ាល់ភ្នំពេញ ភូមិទឹកថ្លា សង្កាត់ថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នៅមុនពេលកើតហេតុ ជនត្រូវចោទត្រូវគេឃើញ បានបើករថយន្តម៉ាកហុីយ៉ាន់ ស្តារ៉ិចព័ណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AX-9509 ទៅឈប់មុខផ្ទះកើតហេត។

បន្តិចក្រោយមក ជនត្រូវចោទ ក៏បានដកកាំភ្លើង ម៉ាក AK ស្វាយបត់ បាញ់រះសំដៅផ្ទះរបស់ជនរងគ្រោះចំនួន ១១គ្រាប់ ប៉ុន្តែសំណាងល្អដែលមិនបង្កឲ្យមានអ្នករងរបួស។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យ បានព្យយាមបើករថយន្តរត់គេចចេញពីកន្លែងកើតហេតុ តែត្រូវសមត្ថកិច្ចជំនាញតាមចាប់ខ្លួនបាន និងដកហូតវត្ថុតាងបានភ្លាមៗ បន្ទាប់ពីមានសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ៕