Tuesday, May 14, 2024
Latest:
ព័ត៌មាន​ជាតិ

ការផ្សងប្រផ្នូលតាមរយៈគោឧសភរាជឆ្នាំ២០​១៩នេះផលដំណាំរបស់ប្រជាកសិករនឹងមាន​ភាព​ល្អប្រសើរចំនួន៣មុខ គឺស្រូវ សណ្តែត ពោត

ខេត្តតាកែវ ៖​ ព្រះរាជពិធីច្រត់ព្រះនង្គ័លដែលជាព្រះរាជប្រវេណីខ្មែរនឹងត្រូវប្រារព្ធធ្វើ​ឡើង​ នាព្រឹកថ្ងៃពុធ ៤រោច ឆ្នាំកុរ ខែពិសាខ ឯកស័ក ព.ស ២៦៦៣ ត្រូវនឹងថ្ងៃទី២២ ខែ​ឧសភា ឆ្នាំ២០១៩ នៅទីព្រះស្រែ ស្ថិតក្នុង
កីឡាដ្ឋានក្រុងដូនកែវ ខេត្តតាកែវ ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ព្រះរាជពិធីនេះ ក៏មានការអញ្ជើញចូលរួមពី​សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីជាប់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីអង្គទូតនៃបណ្ដាប្រទេសជាមិត្តប្រចាំនៅកម្ពុជា និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនម៉ឺននាក់ផងដែរ។

ការប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លជាការប្រកាសប្រាប់ប្រជាពលរដ្ឋដែលប្រកបរបរកសិកម្ម ធ្វើស្រែចម្ការថា ជាការចាប់ផ្តើមចូលដល់រដូវវស្សាហើយ។ ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនៅឆ្នាំនេះ លោក អ៊ូច ភា អភិបាលខេត្តតាកែវ ត្រូវបានព្រះមហាក្សត្រកម្ពុជាសព្វព្រះរាជហឫទ័យរាជានុញ្ញាតឱ្យធ្វើជាស្តេចមាឃ កាន់នង្គ័លទី២ តំណាងព្រះអង្គ និងភរិយា ជាព្រះមេហួ។

ក្នុងព្រះរាជពិធីនាព្រឹកនេះ ក៏មានការរៀបចំតាំងបង្ហាញនូវផលិតផលកសិផលមកពីតាមបណ្តាក្រសួង និងរាជធានី-ខេត្តផងដែរ។

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ជាព្រះរាជប្បវេណីដ៏សំខាន់ចាត់​ទុកជាវប្បមង្គលមួយដ៏ប្រសើរ របស់ប្រជាពលរដ្ឋកម្ពុជា ដែលមហាក្សត្រគ្រប់ព្រះអង្គតែងតែដឹកនាំធ្វើពុំដែលខាន តាំងពីបុរាណកាលរៀងមក។

ព្រះរាជពិធីនេះកាលពីដើមឡើយតែងតែប្រារព្ធធ្វើឡើងនៅវាលព្រះមេរុនៅជិតព្រះបរម​រាជវាំង តែប៉ុន្មានឆ្នាំចុងក្រោយនេះព្រះរាជ​ពិធីត្រូវព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះរាជានុញ្ញាត ឱ្យធ្វើនៅតាមខេត្តវិញម្តង ដើម្បីឱ្យប្រជាពលរដ្ឋខ្មែរបានចូលរួមក្នុងព្រះរាជបវេណីដ៏សំខាន់មួយនេះ។

ការផ្សងប្រផ្នូលតាមរយៈគោឧសភរាជឱ្យបរិ​ភោគ អាហារ៧មុខដែលដាក់លើជើង​ពាននៅ កណ្តាលវាលព្រះស្រែនាឆ្នាំ២០១៩នេះ មានដូចជាស្រូវ ល្ង ស្មៅ ពោត សណ្តែត ទឹក និងស្រាស
ក្រុមព្រហ្មព្រះរាជគ្រូបានឲ្យដឹងថា ឆ្នាំនេះផលដំណាំរបស់ប្រជាកសិករនឹងមានភាព​ល្អប្រសើរចំនួន៣មុខ គឺស្រូវ សណ្តែត ពោត ចំណែកអាហារ៤មុខទៀត ដូចជា ល្ង ស្មៅ ទឹក និងស្រា គោឧសភរាជពុំបានបរិភោគឡើយ ក្នុងនោះបរិភោគស្រូវបាន៨៥​ភាគ​រយ ពោត ៩០ភាគរយ និងសណ្តែតបាន​៨៥​ភាគរយ៕