សន្តិសុខ​សង្គម

សិស្សសាលាចំនួន១៥នាក់ នៅវិទ្យាល័យ អូរសំព័រ ដួលសន្លប់បង្កការភ្ញាក់ផ្អើល

បន្ទាយមានជ័យ​៖​ សិស្សសាលាជាច្រើននាក់ដែលកំពុងតែរៀនសុខៗ​ នៅវិទ្យាល័យ អូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ត្រូវបានដួលសន្លប់ជាបន្តបន្ទាប់​ ហើយភ្លាមៗ​នោះត្រូវបានលោកគ្រូអ្នកគ្រូ​ ដឹកយកមក​សង្គ្រោះបន្ទាន់នៅតាមគ្លីនិកឯកជននិងមន្ទីរពេទ្យរដ្ឋ
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៧ខែធ្នូ ឆ្នាំ​២០១៩ រហូតដល់ល្ងាចថ្ងៃទី១៧ខែធ្នូឆ្នាំ២០១៩​ ទើបបានធូរស្រាល និងសិស្សមួយចំនួនធំ​បានវិលត្រឡប់ទៅលំនៅដ្ឋានវិញ។​

នេះបើតាមការឲ្យដឹងពីលោកវរសេនីយ៍​ឯក​ បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងនៅល្ងាចថ្ងៃទី១៧ខែឆ្នូម្សិលមិញ។
​លោកអធិការបានបន្តថា៖សិស្សដែលដួលសន្លប់ទាំងនោះសុទ្ធសិស្សស្រី ពុំមានប្រុសនោះទេ! មានឈ្មោះ១/-សុខ ស្រីយួន រៀននៅថ្នាក់ទី៩ A,​២/-ជា ប៉ីយបីយ រៀនថ្នាក់ទី៨ A,​៣/-ស្រៀវ សម្ភស្សរៀនថ្នាក់ទី១០ A ,4/-​ម៉ម សំពីសី រៀនថ្នាក់ទី១១ A, ​៥/-សៀន សុខា រៀនថ្នាក់ទី៨ A, ​៦/-ជុំ ដា រៀនថ្នាក់ទី៧C,៧/-​ឃៀង ស្រីណាន់ រៀនថ្នាក់ទី៩A,៨/-​ណង នីតា រៀនថ្នាក់ទី១០ A,៩/-រ៉េន ស្រីនិច រៀនថ្នាក់ទី៧ A,​១០/-ណន ស្រីអន រៀនថ្នាក់ទី៧B,​១១/-សុង នីសា រៀនថ្នាក់ទី៧B,​១២/-ថោ សៀវថុង រៀនថ្នាក់ទី៧B,​១៣/-ស៊ុន សៃអេង រៀនថ្នាក់ទី១០A,​១៤/-ភារុន គឹមអេង រៀនថ្នាក់ទី១០A,​១៥/-សាវុន នីហ្សា រៀនថ្នាក់ទី៨B​ ។
​លោកអធិការបានបញ្ជាក់ថា៖​ តាមការឲ្យដឹងពីលោកគ្រូពេទ្យនិយាយថា៖​ ការដែល​សិស្សដួលសន្លប់ទាំង១៥នាក់នោះ​គឺ​បណ្តាល​មកពីសុខភាពរបស់ពួកគេខ្សោយ ស្របពេលថ្ងៃនោះធាតុអាកាសក្តៅ ខុសពីធម្មតានៅក្នុងអគារជាន់ទី៣ ក៏បណ្តាលឲ្យសិស្សទាំង១៥នាក់​ ដួលសន្លប់ មិនមានការ​ពុលចំណីអ្វីនោះឡើយ។ ក្រោយមានហេតុការណ៍ក៏ត្រូវបានលោកគ្រូ អ្នកគ្រូ និងកង​កម្លាំងនគរបាលរួមទាំងប្រជាពលរដ្ឋ បាននាំ​យកទៅសង្រ្គោះមបន្ទាន់ទៅ​មណ្ឌល​សុខ​ភាព និងគ្លីនិកឯកជន ខណៈមកទល់ល្ងាច​ថ្ងៃ​ដដែលមានសិស្សតែ២នាក់ទេ​ នៅសម្រាកបន្តនៅក្នុងមណ្ឌលសុខភាពម្នាក់និងម្នាក់​ទៀត​នៅគ្លីនិកឯកជន ក្រៅពីនោះគឺបានវិលត្រឡប់ទៅលំនៅដ្ឋានវិញហើយ ៕

ចែករំលែកអត្ថបទ