Friday, April 26, 2024
Latest:
សន្តិសុខ​សង្គម

ម្ដាយយំស្ទើគាំងបេះដូង!ពេលឃើញកូនស្រីជាទី​ស្រលាញ់​ត្រូវរថយន្តក្រឡុកស៊ីម៉ង់ត៍ក្រឡាប់​សង្កត់បែកក្បាលស្លាប់គួរឲ្យសង្វេក

ភ្នំពេញ៖​ អាសូរក្មេងស្រីអាយុ៤ឆ្នាំម្នាក់ត្រូវរថយន្តក្រឡុក​ របស់ក្រុមហ៊ុន ថៃហ្គ័រខនស្ត្រាក់សិន​ បើកបរលឿនខ្វះការប្រុង​ប្រយត្ន័​ រេចង្កូតរអិលក្រឡាប់ចូលផ្ទះប្រជាពលរដ្ឋ​និងសង្កត់ក្មេង​ស្រីរងគ្រោះបែក​ក្បាល​ស្លាប់គួរឲ្យរន្ធត់​ រួចរថយន្តបង្កឆាបឆេះយ៉ាងសន្ធោសន្ធៅ
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង០១​និង​៣០​នាទីរសៀលថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ​២០១៩​ នៅចំណុចភូមិអន្លង់គងថ្មី សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ​បានឱ្យដឹងថា​ មុនពេលកើត​ហេតុគេបានឃើញរថយន្តក្រឡុកស៊ីម៉ង់ត៍​របស់ក្រុមហ៊ុន ថៃហ្គ័រខនស្ត្រាក់សិន​ មួយគ្រឿង​ ពាក់ស្លាកលេខភ្នំពេញ​5A-1448 បើកបរដោយបុរសម្នាក់​ ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រទិសដៅពីជើងទៅត្បូង​ ក្នុងល្បឿនយ៉ាងលឿន​ លុះមកដល់ចំណុចកើតហេតុរថយន្តក៏បានរេចង្កូតមកខាងស្ដាំដៃក្រឡាប់ទៅលើផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ​ និងបានសង្កត់ចំក្មេងស្រីម្នាក់​ដែលកំពុងតែអង្គុយនៅលើ​ចិញ្ចើមផ្លូវបណ្ដាលឲ្យស្លាប់បាត់បង់ជីវិត​យ៉ាង​អាណោចអាធម៌​ ។
ប្រភពបានបន្តថា​ ភ្លាមៗនោះរថយន្តបង្កបានឆាបឆេះជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ​ ធ្វើអោយមាន​ការ​ភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ច​ បានចេញរថយន្ត​អគ្គីភ័យទៅអន្តរាគមន៍ជួយបាញ់ពន្លត់​ ។​ ដោយឡែកអ្នកបើកបរ​ត្រូវប្រជាពលរដ្ឋនាំគ្នាចាប់ប្រគល់ឲ្យសមត្ថកិច្ចយកទៅសួរនាំ​នៅប៉ុស្តិ៍នគរបាល​ ។

សមត្ថកិច្ចបានអោយដឹងថា សពក្មេងស្រី​ រង​គ្រោះខាងលើមានឈ្មោះ វន សុវាតា អាយុ​៤ឆ្នាំ ស្នាក់នៅចំណុចកើតហេតុ​ មានស្រុកកំណើត​ ភូមិពោនសិច ឃុំជាន ស្រុកកំចាយ​មារ ខេត្តព្រៃវែង ។

ក្រោយពេលកើតហេតុគេឃើញមានសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចរាចរណ៍​បានចុះទៅដល់ទីតាំងកើតហេតុដើម្បីធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ និងបាននាំខ្លួនតៃកុង​ ទៅកសាង​សំណុំរឿងចាត់ការបន្តតាមផ្លូវ​ច្បាប់​ ។
ចំណែកសពក្មេងស្រី​ សមត្ថកិច្ចបាបធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ