Friday, December 13, 2024
Latest:
សន្តិសុខ​សង្គម

សាហាវណាស់! នគរបាលខេត្តកណ្តាល​ម្នាក់​វៃប្រពន្ធមិនទាន់រៀបការ​ រលូតកូន​ត្រូវនាង​ដាក់ពាក្យបណ្ដឹង

ភ្នំពេញ​ ៖ មន្ត្រីនគរបាលម្នាក់មានឈ្មោះ ជិន ជឿន ដែលគេដឹងថា​ បម្រើការងារនៅ​ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ផ្នែក​បុគ្គលិក បានរងការចោទប្រកាន់ពីស្ត្រីម្នាក់​ថាប្រើអំពើហឹង្សាលើរូបនាងរហូតរបួសធ្ងន់ (រលូតកូន)ហេតុការណ៍កើតឡើងកាលពីថ្ងៃទី១៤ខែតុលាឆ្នាំ២០១៩ នៅក្បែរអូតែល​ភ្នំពេញ ខណ្ឌដូនពេញ។

យោងតាមប្រភពព័ត៌មានពីសាច់ញាតិជន​រង​គ្រោះនិងដើមបណ្តឹងមានឈ្មោះ ស.ស.ល អាយុ​២៦ឆ្នាំបានអោយដឹងថា​ រូបនាងបានទៅ​ដាក់ពាក្យបណ្តឹងតាំងពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ហើយសមត្ថកិច្ចជំនាញទទួល​ពាក្យ​បណ្តឹងហាក់បីដូចជា ព្រងើយកណ្តើយក្នុងការជួយរកយុត្តិធម៌ជូននារី​ ជនរងគ្រោះនឹងទារកត្រូវបានស្លាប់បាត់បង់ជីវិតចេញពីផ្ទៃម្តាយ(រលូតកូន ) បាត់ទៅហើយ ។

បេីយោងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះ​ បានបញ្ជាក់ថា​ នាងខ្ញុំឈ្មោះ ស.ស.ល អាយុ​២៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលនៅ​បច្ចុប្បន្ន​ ភូមិសុក្រុំជ្រុំ​ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ​ កាន់អត្តសញ្ញាណបណ្ណ័​ ​សញ្ជាតិ​ខ្មែរ​ លេខ២៥០២២០៨០១​ បានប្តឹងឈ្មោះ ជិន ជឿន ភេទប្រុស ជាមន្ត្រីបម្រេីការងារនៅស្នងការនគរបាលខេត្តកណ្តាល ផ្នែកបុគ្គលិក មានទីលំនៅភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង​ ខេត្តកណ្តាល ពីបទ​ ប៉ុនប៉ង​មនុស្សឃាតដោយចេតនានិងហិង្សាមានស្ថានទម្ងន់ ។

នារីរងគ្រោះ​ រៀបរាប់ថា​ កាលពីថ្ងៃទី១៤ ខែ​តុលា ឆ្នាំ២០១៩ វេលាម៉ោង១០៖៣០នាទីយប់ ឈ្មោះ​ ជិន ជឿន ដែលជាប្ដីរស់នៅដំបូលផ្ទះតែមួយ តែមិនទាន់បានរៀបការ បានប៉ុនប៉ងធ្វើឃាត និងហិង្សាមានស្ថានទម្ងន់ មកលេី​នាងបណ្តាលឲ្យរលូតកូននៅក្នុងផ្ទះផ្ទៃរបស់នាងខ្ញុំដែលកំពុងពពោះ ៤ខែ។ នារីរងគ្រោះ​ ស្នេីសុំលោកស្នងការដ្ឋាននគរបាល ខេត្តកណ្តាលមេត្តាជួយរកយុត្តិធម៌ និងចាត់វិធាន​ការតាមផ្លូវច្បាប់​ ។

ទោះជាយ៉ាងណាករណីនេះគេហទំព័រ(កោះប៉ែន​ )មិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺពីឈ្មោះ ជិន ជឿន ជាមន្ត្រីនគរបាលកំពុងរងការចោទប្រកាន់នៅឡើយទេ ហើយចំពោះចំណាត់ការផ្លូវច្បាប់ទៅមន្ត្រីរូបនេះក៏មិនទាន់​ដឹងថា​ លោកស្នងការនគរបាលខេត្តកណ្តាលនឹងចាត់វិធានការបែបណានៅឡើយដែរ ដោយក្រុមការងារយើងកំពុងតាមដាន​បន្តទៀតផងដែរ៕