ព័ត៌មាន​ជាតិ

ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា​ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកាន់តំណែង​ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា​ចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីស្បថចូលកាន់តំណែងថ្មីរបស់ ឯកឧត្តម ចូកូ វីដូដូ (Joko Widodo) ជា ប្រធានាធិបតី និង​ឯកឧត្តម ម៉ារូហ្វ អាម៉ីន (Ma’ruf Amin) ជា អនុប្រធានាធិបតី នៃសាធារណ​រដ្ឋឥណ្ឌូនេស៊ី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី​ ២០ខែតុលាឆ្នាំ២០១៩ នៅទីក្រុងហ្សាការតា។

នេះបេីតាមសេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​និង​ សហប្រតិបត្តិការ​អន្តរជាតិ​ ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០១៩នេះ​ ប្រមុខរដ្ឋ/រដ្ឋាភិបាល និងតំណាងប្រទេសសមាជិកអាស៊ានឯទៀត ក៏នឹងមានវត្តមាននៅក្នុងពិធីនោះផងដែរ។

​ប្រភព​ដដែល​បន្ដថា​ អញ្ជើញអមដំណើរ​សម្តេចតេជោនាយករដ្ឋមន្រ្តី រួមមាន​ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេសព្រមទាំង​ឥស្សរៈជនជាន់ខ្ពស់​នៃរាជរដ្ឋាភិបាលមួយ​ចំនួនផងដែរ។
​​សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងជួបដោយឡែកជាមួយឯកឧត្តម ចូកូ វីដូដូ ដើម្បីជូនពរជ័យដល់ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី ហើយនិងធ្វើការផ្លាស់ប្តូរយោបល់អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និង ពហុភាគី និងបញ្ហានានាដែលមានការចាប់អារម្មណ៍ដូចគ្នា។

សូមបញ្ជាក់ថា​ ​ឯកឧត្តម ចូកូ វីដូដូ ជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិទី២ នៅក្នុងការបោះឆ្នោតសកល កាលពី ថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០១៩ កន្លងមកនេះ សម្រាប់អាណត្តិ ២០១៩-២០២៤។ ការអញ្ជើញចូលរួមរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងឥស្សរជនអាស៊ានផ្សេងទៀត ក្នុងពិធីស្បថចូលកាន់តំណែងថ្មីជាផ្លូវការ របស់ប្រធានាធិបតីឥណ្ឌូនេស៊ី ឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាព និងមិត្តភាពក្នុងចំណោមប្រជាជាតិអាស៊ាន៕