Tuesday, April 30, 2024
Latest:
សន្តិសុខ​សង្គម

សង្ស័យបែកថ្នាំ​ យកប្រេងកាតចាក់ដុតសម្ភារៈក្នុងផ្ទះយាយឆាបឆេះសន្ធោសន្ធៅ

ភ្នំពេញ៖ យុវជនម្នាក់ដែលអ្នកជិតខាងដឹងថា​មាន​សតិមិនប្រក្រតី​ បានយកប្រេងកាតដុត​ផ្ទះយាយរបស់ខ្លួន​ បណ្ដាលឲ្យឆេះសម្ភារៈក្នុងផ្ទះយ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ បាញ់ពន្លត់កាលពីវេលា​ម៉ោង២​និង៣០នាទីរំលងអាធ្រាត្រចូលថ្ងៃទី១២ ខែ​តុលាឆ្នាំ២០១៩​ នៅចំណុចផ្ទះល្វែងមួយកន្លែង​រថនៅជាន់ទី២ តាមបណ្ដោយផ្លូវ១០៧ កែង​និងផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ។

យុវជនដែលដុតមានឈ្មោះ ផុត យូណាម អាយុ២៧ឆ្នាំ មុខរប​សន្តិសុខឯកជន រស់នៅផ្ទះកើតហេតុជា​មួយ​យាយ ។

បើតាមសម្ដី​ ស្ត្រីចំណាស់ដែលត្រូវជាយាយរបស់ជនបង្ក​ បានប្រាប់ឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ គាត់ឃើញចៅប្រុសរបស់គាត់​មានអាការៈដូចជាបែកថ្នាំ ព្រោះចៅរបស់គាត់ធ្លាប់ប្រើប្រាស់សារធាតុញៀន​ បន្ទាប់​បានប្រមូលខោអាវ ព្រមទាំងសម្ភារៈក្នុងផ្ទះមួយចំនួន រួចចាក់ប្រេងកាតដុត​ បណ្ដាលឲ្យឆាប់ឆេះ​ សន្ធោសន្ធៅ ផ្អើលដល់អ្នករស់នៅជិតខាងនាំគ្នាយកបំពង់ពន្លត់អគ្គីភ័យមកបាញ់​ពន្លត់តែមិនរលត់​ក៏បានរាយការណ៍ប្រាប់ទៅ​អាជ្ញាធរមានសមត្ថកិច្ច​ ចេញរថយន្តពន្លត់អគ្គីភ័យ​ មកអន្តរាគមន៍បាញ់ពន្លត់ច្រើនគ្រឿង ។

សមត្ថកិច្ច​បានឲ្យដឹងថា​ ហេតុការណ៍អគ្គីភ័យនេះ​ កម្លាំងជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៩គ្រឿង ប្រើប្រាស់ទឹកអស់តែ​៨ឡាន និងប្រើពេលជាង១ម៉ោង ទើបបាញ់រលត់ទៅវិញជាស្ថាពរ ។
សមត្ថកិច្ចបន្តថា​ សំណាងល្អក្នុងហេតុការណ៍​នេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ​ ។ ចំពោះយុវជនសង្ស័យបែកថ្នាំខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយក​ទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល មនោរម្យ ដើម្បីសួរនាំនិងចាត់ការតាមនីតិវិធី ច្បាប់៕

ចែករំលែកអត្ថបទ