Friday, December 13, 2024
Latest:
សន្តិសុខ​សង្គម

តើ លោក នៅ សាត អតីតប្រធានភូមិបាលស្រុកកណ្តាលស្ទឹង អាចជាប់ពន្ធនាគារឬទេ បន្ទាប់ពីតុលាការចោទប្រកាន់ និងជូនដំណឹងទៅរដ្ឋមន្ត្រីក្រសួងដែនសុំបើកផ្លូវ

(ភ្នំពេញ)៖ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ កន្លងទៅ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានផ្ញើលិខិតជូនដំណឹងស្តីពីការជូនដំណឹងអំពី «ការបើកការស៊ើបសួរ» លើឈ្មោះ នៅ សាត អតីតប្រធានភូមិបាលស្រុកកណ្តាលស្ទឹង ទៅជូន ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ការផ្ញើលិខិតខាងលើទៅជូន រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានធ្វើឡើងបន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងរាជធានី ផ្ញើលិខិតលេខ ៦៣១ អ.យ.ត ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ស្តីពីការជូនដំណឹងអំពី «ការបើកការស៊ើបសួរ» លើឈ្មោះ នៅ សាត ភេទប្រុស អាយុ ៤៧ឆ្នាំ ជាអតីតប្រធានភូមិបាលស្រុកកណ្តាលស្ទឹង និងបច្ចុប្បន្នជាមន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តកណ្តាល ទៅជូន ឯកឧត្តម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

លិខិតជូនដំណឹងរបស់ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះចំនួន ៤នាក់ និងបានពិនិត្យចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ ២២០៦ ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ រួចមកតំណាងអយ្យការបានស្រាវជ្រាវអង្កេតបឋម រកឃើញថា ឈ្មោះ នៅ សាត មានតម្រុយសម្មត់ថាជាប់ពាក់ព័ន្ធបទល្មើស ក្លែងបន្លំ ក្នុងអំពើលួចលក់អចលនវត្ថុដែលមិនមែនជារបស់ខ្លួន ប្រព្រឹត្តកាលពីអឡុងឆ្នាំ២០១៥ នៅចំណុចក្នុងភូមិជើងព្រៃ និងភូមិតាដោល ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល យោងតាមមាត្រា ៦២៦ និងមាត្រា ៦២៧ នៃក្រមព្រហ្មទណ្ឌ។

ក្រោយពីចោទប្រកាន់លើឈ្មោះ នៅ សាត ជាស្ថាពរ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជូន ដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ ៣១៤០ អ.យ.ត ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ ទៅចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

គួរបញ្ជាក់ថា សំណុំរឿង ក្លែងបន្លំឯកសារ លួចលក់ដីរបស់អ្នកដទៃ ចំនួន ៨៣ហិកតា នៅក្នុងស្រុកកណ្តាលស្ទឹងនេះ កន្លងទៅតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បានកោះហៅ លោក នៅ សាត ឲ្យចូលបំភ្លឺរួចហើយ ដោយនៅគ្រានោះលោក នៅ សាត បានអះអាងថា ខ្លួនបានរៀបចំឯកសារផ្ទេរកម្មសិទ្ធិដីធ្លីនោះពិតប្រាកដមែន ប៉ុន្តែមិនមែនធ្វើដោយចិត្តឯងឡើយ គឺធ្វើតាមបទបញ្ជារបស់លោក ប៊ុន ថេង អតីតអភិបាលស្រុកកណ្តាលស្ទឹង តែប៉ុណ្ណោះ៕