ព័ត៌មាន​ជាតិ

លោក ហង់ ជួនណារ៉ុន ៖​ ប្រឡងសញ្ញាបត្រ​ មធ្យម​សិក្សាទុតិយភូមិ ឆ្នាំនេះមាន​ បេក្ខជន​ប្រឡងជិត១២ម៉ឺន​នាក់

ភ្នំពេញ៖​ សម័យប្រឡង​ យកសញ្ញាបត្រ​ មធ្យម​សិក្សាទុតិយភូមិ ឬ​ ហៅថា​ ប្រឡង​បាក់ឌុប ថ្ងៃដំបូង ចាប់ផ្តើមហើយនៅថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩នេះ ជាមួយបេក្ខជនចូលរួមប្រឡងសរុបជិត១២ម៉ឺននាក់។ រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា លោក ហង់ ជួនណារ៉ុន អញ្ជើញបើកវិញ្ញាសារ​ប្រឡង​ នៅមណ្ឌលប្រឡងក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ​ ក្នុងរាជធានីភ្នំពេញ ដូចបណ្តាឆ្នាំកន្លងទៅដែរ​ ។

តាមការបញ្ជាក់របស់ក្រសួងអប់រំ យុវជន និងកីឡាការប្រឡងបាក់ឌុបនៅឆ្នាំនេះ មានបេក្ខជនសរុប ១១៧,០២៤នាក់(ស្រី៦០,៤២១នា​ក់)​ថយចុះ ៣៧នាក់បើធៀបនឹងឆ្នាំ២០១៨។ ចែកចេញ ២០២មណ្ឌល (ថ្នាក់​វិទ្យាសាស្ត្រ ៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម ១២៧មណ្ឌល) ស្មើនឹង ៤,៧២៥បន្ទប់។ បេក្ខជនប្រឡងថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៤៤,៦៨៣នាក់ ស្រី២៥,២៨៥នាក់ (១,៨១០បន្ទប់) ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ៧២,៣៤១នាក់ ស្រី ៣៥,១៣៦នាក់ (២,៩១៥បន្ទប់)។

ដើម្បីធ្វើឱ្យការប្រឡងទទួលបានជោគជ័យតាមគោលដៅដែលបានគ្រោងទុក ក្រសួងបានពង្រាយមន្ត្រីគ្រប់គ្រងការប្រឡងនេះ សរុប ១៧,៤៣០នាក់ ក្នុងនោះ អប្បមាទ ៦០៦នាក់ ជំនួយការអប្បមាទ ដែលជាគរុនិសិ្សត ២,៤០៥នាក់ អនុរក្ស ១០,៦៣១នាក់ ប្រធានមណ្ឌល២០២ គណៈកម្មការត្រួតពិនិត្យតាមអគារ ១,១៨១នាក់ និងគណៈកម្មការកណ្តាល ២,៤០៥នាក់។

លោក រស់ សុវាចា បានឱ្យដឹងថា មន្ត្រីទទួលភារកិច្ចលើការប្រឡងនេះ បានធ្វើដំណើរទៅដល់គោលដៅរៀងៗខ្លួនហើយ ត្រៀមស្វាគមន៍បេក្ខជនប្រឡង និងបំពេញការងារតាមតួនាទី និងភារកិច្ច។

ក្នុងបេសកកម្មកំណែទម្រង់ស៊ីជម្រៅលើការប្រឡងបាក់ឌុបរបស់លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាតាំងពីឆ្នាំ២០១៤មកនោះ អង្គភាពប្រឆាំងអំពើពុករលួយតែងតែចាត់អ្នកសង្កេតការណ៍​ចូលរួមតាមដាន និងសង្កេតទៅលើការ​ប្រឡងនេះ។ ប៉ុន្តែនៅឆ្នាំ២០១៩នេះ មិនមាន​វត្តមានអ្នកសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ ចូលរួមតាមដាន និងអង្កេតទៅលើការប្រឡងទៀតនោះឡើយ។

បើទោះបីមិនមានវត្តមានអ្នកសង្កេតការណ៍​ពីអង្គភាពប្រឆាំងអំពើពុករលួយយ៉ាងណាក្តី តែក្រសួងអប់រំ បានអះអាងថា ការប្រឡង​នៅតែធ្វើឡើងដោយឈរលើភាពត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ តាមគោលការណ៍ «អ្នកចេះ គឺជាប់»។

លោក រស់ សុវាចា បានគូសបញ្ជាក់យ៉ាងដូច្នេះ «បើសិនជាមានករណីអំពើពុករលួយ កើតឡើងនៅក្នុងគ្រប់ដំណាក់កាល នៃការ​ប្រឡងមធ្យមសិក្សាទុតិយភូមិ ក្រសួងអប់រំ នឹងនៅតែបន្ដសហការជាមួយ ACU ដោយធ្វើចំណាត់ការយោងទៅតាមផ្លូវច្បាប់ជាធរ​មាន»។

សូមបញ្ជាក់ថា ការប្រឡងនៅថ្ងៃទី១៩ ខែ​សីហា នេះ សម្រាប់ថ្នាក់វិទ្យាសាស្ត្ររួមមានមុខវិជ្ជា៖ ប្រវត្តិវិទ្យា, ជីវវិទ្យា, គីមីវិទ្យា និងភាសាបរទេស។ ថ្នាក់វិទ្យាសាស្ត្រសង្គមរួមមានមុខវិជ្ជា៖ ផែនដី និងបរិស្ថានវិទ្យា, ប្រវត្តិវិទ្យា, ភូមិវិទ្យា និងភាសាបរទេស។

ថ្ងៃទី២០ខែសីហា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ​រួមមានមុខវិជ្ជា៖ អក្សរសាស្ត្រខ្មែរ, រូបវិទ្យា និងគណិតវិទ្យា។ ថ្នាក់វិទ្យាសាស្ត្រសង្គមរួមមានមុខវិជ្ជា៖ គណិតវិទ្យា, សីលធម៌ ពលរដ្ឋ​វិជ្ជា និងអក្សរសាស្ត្រខ្មែរ៕