Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ស្រវឹងស្រាបើកកង់បីបញ្ច្រាស់ផ្លូវ​ស្រែក​ថា​ចោរៗបង្កការភ្ញាក់​ ផ្អើលដល់ពលរដ្ឋនិងសមត្ថកិច្ច

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់​ ត្រូវបាន​រថយន្តសាមុយដឹកទៅកាន់មន្ទីពេទ្យភ្លាមៗ បន្ទាប់ពីមានបុរស២នាក់ស្រវឹងស្រា ជោគ​ជាំ​ហើយបើករុឺម៉កម៉ូតូបញ្ច្រាស់ផ្លូវមកបុកពេញទំហឹង បណ្ដាលឲ្យរុឺម៉កក្រឡាប់​ រួចស្រែកថា​ចោរៗបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិង​ សមត្ថកិច្ច កាលពីវេលាម៉ោង១១ និង១៥នាទី​យប់ ថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០១៩ នៅចំណុច​ មុខអតីតគណៈបក្សសង្គ្រោះជាតិ តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរស២នាក់ ដែល​មានស្ថានភាពស្រវឹងស្រាយ៉ាងខ្លាំងបានបើក​រុឺម៉កម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ២ទាំងបញ្ច្រាស់ទិសដៅចរាចរណ៍ ហើយស្រែកថាចោរៗ រួចក៏បានបុកម៉ូតូមួយគ្រឿងម៉ាក SUZUKI ស្មាក់រេវ៉ូ ពណ៌ក្រហម ពាក់ស្លាក​លេខ ព្រះសីហនុ 1C-3127 ដែលជិះដោយបុរសម្នាក់កំពុងធ្វើដំណើរតាមផ្លូវ ចំប្រឆិតចហៀងពេញទំហឹង បណ្ដាលឲ្យម្ចាស់ម៉ូតូដួលរងរបួសធ្ងន់ ចំណែករុឺម៉កម៉ូតូ​ ក្រឡាប់ផ្ងារជើងម្ខាងធ្វើឲ្យអ្នកបើកបរនិងអ្នករួមដំណើរ​រងរបួសស្រាល ។

ក្រោយកើតហេតុ បុរសរងគ្រោះម្ចាស់ម៉ូតូស្មាក់ ត្រូវបានប្រជាពលរដ្ឋទាក់ទងទៅរថយន្តសាមុយឲ្យមកដឹក យកទៅមន្ទីពេទ្យដើម្បីជួយសង្គ្រោះជីវិត។ ចំណែកបុរស២នាក់ភាគី​ខាងរុឺម៉កម៉ូតូ​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន​ដើម្បី​សួរនាំ និងធ្វើការវាស់វែងយករុឺម៉កម៉ូតូ និងម៉ូតូរងគ្រោះ យកទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធី ៕

ចែករំលែកអត្ថបទ