ព័ត៌មាន​ជាតិ

ព្រឹកថ្ងៃនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤

តបតាមការអញ្ជើញរបស់លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីថៃ និងជាប្រធានប្តូរវេនរបស់អាស៊ាន, នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងបាងកក។

អញ្ជើញអមដំណើរសម្តេចនាយករដ្ឋមន្ត្រីរួមមាន៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម, លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីអប់រំ យុវជន និងកីឡា ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ធ្វើឡើងក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព»។ កិច្ចប្រជុំនេះនឹងផ្តោតការយកចិត្តទុកដាក់ ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងពង្រឹងកុងសង់ស៊ុស ក្នុងចំណោមសមាជិកអាស៊ាន ដើម្បីដោះស្រាយការប្រឈមសកលថ្មីៗ។

កិច្ចប្រជុំកំពូលនេះ ក៏នឹងរិះរកមធ្យោបាយនានា ក្នុងការធ្វើឲ្យអាស៊ានឈានទៅកាន់កម្រិតខ្ពស់ថែមទៀតប្រកបដោយចីរភាព និងមានការតភ្ជាប់ដោយរលូន។

ស្របពេលជាមួយកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤នេះ សម្តេចនាយករដ្ឋមន្ត្រី ក៏នឹងអញ្ជើញ ចូលរួមកិច្ចប្រជុំ និងកម្មវិធីមួយចំនួន ដូចខាងក្រោម៖
* កិច្ចប្រជុំកំពូលរវាងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ជាមួយតំណាងអន្តរសភាអាស៊ាន
* កិច្ចប្រជុំកំពូលរវាងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ជាមួយក្រុមប្រឹក្សាផ្តល់យោបល់ធុរកិច្ចអាស៊ាន និង
* កិច្ចប្រជុំកំពូលរវាងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ជាមួយតំណាងយុវជនអាស៊ាន។

ក្នុងការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កិច្ចប្រជុំលើកទី១៩ របស់ក្រុមប្រឹក្សាសហគមន៍ នយោបាយ-សន្តិសុខអាស៊ាន និងកិច្ចប្រជុំលើកទី២៣ របស់ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ដែលកិច្ចប្រជុំទាំងនេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០១៩។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល, មានការរំពឹងទុកថា លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នឹងឆ្លុះបញ្ចាំងពីកិច្ចប្រឹងប្រែង របស់អាស៊ានក្នុងការជំរុញ ដំណើរការកសាងសហគមន៍ និងលើកកម្ពស់ភាពជាដៃគូ របស់អាស៊ានសម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព នៅក្នុងចំណោមបញ្ហាផ្សេងៗទៀត ដើម្បីសម្រេចឲ្យបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាព យូរអង្វែង ក្នុងតំបន់ ដើម្បីជាផលប្រយោជន៍ដល់ប្រជាជនអាស៊ាន ៕

ចែករំលែកអត្ថបទ