Friday, April 19, 2024
Latest:
ព័ត៌មាន​ជាតិ

កាកបាទក្រហមខេត្តតាកែវ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពកុមារាកុមារីលង់ទឹកស្លាប់ ៤នាក់

ខេត្តតាកែវ៖ លោក អ៊ូច ភា អភិបាលខេត្ត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ រួមដំណើរដោយលោកស្រី នូ សុវណ្ណនី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ និងមន្ត្រីប្រតិបត្តិសាខា អនុសាខាកាកបាទក្រហម ស្រុកបាទី ខេត្តតាកែវ បាននាំយកអំណោយលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មកសួរសុខទុក្ខដល់ក្រុមគ្រួសារសព កុមារបួននាក់ដែលបានលង់ទឹកស្លាប់ កាលពីល្ងាចថ្ងៃ២០ ខែមិថុនា ឆ្នាំ២០១៩នេះ ម៉ោងប្រមាណ០៤ និង៤០នាទីរសៀល នៅស្រះទឹកក្រោយភូមិ នៅភូមិត្រពាំងក្រឡាញ់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ។

នាឱកាសនោះ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់ក្រុមគ្រួសារនៃសពទាំងពីរគ្រួសារដែលបានបាត់បង់កូនកូនជាទីស្រលាញ់។ លោកបានបន្តទៀតថា កាកបាទក្រហមកម្ពុជាដែលមានលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែយកចិត្តទុកដាក់ជួយដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែងដោយមិនប្រកាន់ ពូជសាសន៍ សាសនានយោបាយ អ្វីឡើយសមនឹងពាក្យស្លោកពោលថាទីណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះផងដែរ លោក អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បាននាំយកនូវសម្ភារៈមួយចំនួន នឹងថវិការមួយចំនួនផងដែរ ៕

ចែករំលែកអត្ថបទ