Sunday, April 28, 2024
Latest:
ព័ត៌មាន​ជាតិ

ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នាំយកអំណោយមនុស្សធម៌ ចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់

ខេត្តស្វាយរៀង៖ ថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០១៩ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកជំទាវ ពៅ សុភាព តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បាននាំយកអំណោយមនុស្សធម៌ របស់សាខាចុះសួរសុខទុក្ខ និងចែកអំណោយដល់គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ២០១៩ បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ក្នុងស្រុក ៣ នៅខេត្តស្វាយរៀង ស្រុកស្វាយទាប នៅឃុំកណ្តៀងរាយ ខូចខាតទាំងស្រុង ៨ ខ្នង មធ្យម ១១ ខ្នង ស្រុកកំពង់រោទិ៍នៅ ឃុំញរ ខូចខាតទាំងស្រុង ១ ខ្នង ថ្ងៃដរដែលនោះដែរ នៅស្រុករមាសហែក ឃុំក្រសាំង ខូចខាតទាំងស្រុង ១ ខ្នង មធ្យម ១ ខ្នង សរុប ២២ ខ្នង ក្នុងនោះខូចខាតទាំងស្រុងចំនួន ១០ ខ្នង មធ្យម ១២ ខ្នង ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវ ពៅ សុភាព បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ ហើយជានិច្ចកាលសម្ដេច តែងតែគិតគូរពីសុខទុក្ខ និងជំរុញឲ្យមានការដោះស្រាយបញ្ហានានារបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។ ទន្ទឹមនេះ លោកជំទាវក៏បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរសព្ទ នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ រកកន្លែងដែលមានសុវត្ថិភាព ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹកដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដោយករណីលង់ទឹក ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ត្រៀមឧបករណ៍ សម្ភារ ពូជសម្រាប់ការងារបង្កបង្កើនផលនារដូវវស្សាហ៍ខាងមុខឲ្យបានទាន់ពេលវេលា ។

អំណោយដែលបានចែកជូនគ្រួសាររងគ្រោះទាំងស្រុង ១០ គ្រួសារក្នុង ១ គ្រួសារ ទទួលបាន អង្ករ ៣០ គ.ក្រ កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ សម្ល ២ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ មុង ១ ភួយ ១ ក្រម៉ា ១ សារុង ១ ថវិកា ២០០.០០០ រៀល គ្រួសាររងគ្រោះមធ្យម ១២ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គ.ក្រ ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេលបត់ ១ មុង ១ ភួយ ១ សារុង ១ ក្រម៉ា ១ ថវិកា ៥០.០០០ រៀល សមាគមន៍ភូមិប្រសូត្រ ២ ឧបត្ថម្ភថវិកា ២០០,០០០ រៀល តារយៈសាខាដល់សមាជិកក្នុងភូមិ ។ ក្នុងឱកាសនោះដែរដោយដោយមើលឃើញពីតម្រូវការចាំបាច់ក្នុងការប្រកបរបរប្រចាំថ្ងៃ និងសំណូមពររបស់លោកតា ពុធ ថន អាយុ ៨៣ ឆ្នាំ រស់នៅម្នាក់ឯង មានមុខរបរដើរលក់ថ្នាំបូរាណ រស់នៅភូមិ ត្រោក ឃុំ សំបួរ ស្រុករមាសហែកសាខា បានផ្តល់កង់មួយគ្រឿង ដើម្បីដឹក ថ្នាលក់បន្តទៀត បន្ទាប់ពីកង់របស់គាត់បានខូចខាតទាំងស្រុងដោយសារអគ្គីភ័យកាលពី ថ្ងៃទី១០ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅបន្ទាប់ពីសាខាបានឆ្លើយតបជាស្បៀង សម្ភារ និងថវិកា ម្តងរួចហើយ ៕

ចែករំលែកអត្ថបទ