សន្តិសុខ​សង្គម

នាំប្រពន្ធកូនទៅចំការមិនឃើញមកផ្ទះ៣ថ្ងៃពេលឃើញស្លាប់ទាំង៣នាក់គួរឲ្យរន្ធត់

កំពង់ធំ៖​ អាសូណាស់ព្រះអើយ!​ ឃើញហើយអ្នកណាមិនស្លុតក្នុងចិត្ត​ នាំប្រពន្ធនិង​កូនទៅដាំដំឡូងនៅចំការបាត់៣ថ្ងៃ​ ស្របពេលមានគ្រោះ​ធម្មជាតិ​ រន្ទះបាញ់ស្លាប់ទាំងប្ដីប្រពន្ធ​និងកូនតូចចំនួន៣នាក់ពេលប្រទះឃើញធំក្លិនស្អុយនៅក្រោមដើមស្វាយក្នុងដី​ចំការ
​ -ហេតុការដ៏រន្ធត់នេះបានបង្កការភ្ញាក់ផ្អើល​កាលពីថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៩​ នៅតំបន់ភូមិសាស្ត្រ ក្រានដែកដែលជាតំបន់ចម្ការចម្ងាយពីភូមិប៉ុន្មានជាង២ គីឡូម៉ែត្រ​ ក្នុងឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានអោយដឹងថា​ ជនរងគ្រោះទាំង​៣នាក់ប្ដីប្រពន្ធនិងកូនរួមមាន៖​ ប្ដីមានឈ្មោះ​ ខូយ ឡែន អាយុ២៨ឆ្នាំប្រពន្ធឈ្មោះ ជា​ហ៊ន អាយុ ២៧ឆ្នាំនិងកូនប្រុសអាយុ៣ឆ្នាំ ឈ្មោះ ឡេង ឆេងលិ អ្នកទាំង៣រស់នៅក្នុងភូមិជាំផ្កា ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

បើតាមសម្ដីស្ត្រី​ឈ្មោះ​ ប៊ិន ម៉ៃ ត្រូវជាបងថ្លៃសពបុរសរងគ្រោះ​ឈ្មោះ​ ខូយ ឡែន បាន​រៀបរាប់ប្រាប់ឲ្យដឹងថា​ កាលពីថ្ងៃទី២៣ ខែ​ឧសាភាឆ្នាំ ២០១៩ វេលាម៉ោង៧ ប្អូនថ្លៃរបស់គាត់ឈ្មោះ​ ខូយ ឡែន និងប្រពន្ធ​ ព្រមទាំងកូនបាននាំគ្នាទៅដាំដំឡូងបង្ហើយនៅចំការ​តំបន់ក្រានដែក ។ លុះល្ងាចឡើងមិនឃើញពួកគេត្រឡប់ទៅផ្ទះវិញនោះទេ​ គាត់ស្មានថាពួកគាត់នៅដេកនិងចម្ការរហូតដល់ថ្ងៃទី ២៥ ខែឧសភាឆ្នាំ២០១៩ នៅតែមិនឃើញពួកគេមកផ្ទះ​ ពេលស្ត្រីជាបងថ្លៃ​ ក៏មកតាម​មើល​នៅចម្ការ ពេលទៅដល់ចំការក៏បានប្រទះឃើញជនរងគ្រោះទាំងបីនាក់ដេកស្លាប់នៅក្រោមដើមស្វាយក្នុងចំការ​ ។ ស្ត្រីជាបងថ្លៃបានបន្តទៀតថា​ ខណៈឃើញដូច្នេះរូបគាត់​បានភ័យស្លន់ស្លោយ៉ាងខ្លាំង​ ក៏ត្រឡប់មកផ្ទះវិញប្រាប់បងប្អូនពីដំណឹងនេះនឹងរាយការណ៍​ទៅអាជ្ញាធរភូមិ​និងសមត្ថកិច្ចមូលដ្ឋានឲ្យបាន​ដឹង​ ហើយចុះទៅពិនិត្យនៅកន្លែងកើតហេតុ​សាកសពទាំងបីនាក់មានលក្ខណៈហើមមាន​ក្លិន​ស្អុយ​ ។

ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យនិងធ្វើកោ​សល្យរួច​បានសន្និដ្ឋានថា​ ជនរងគ្រោះទាំង​៣នាក់ស្លាប់ដោយសារគ្រោះធម្មជាតិរន្ទះបាញ់​បន្ទាប់មកសមត្ថកិច្ចបានធ្វើកំណត់ហេតុ​ប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕

ចែករំលែកអត្ថបទ