Sunday, April 28, 2024
Latest:
ព័ត៌មាន​ជាតិ

កម្លាំងអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួន លោក ផែង វណ្ណៈតាមពាក្យបណ្តឹងរបស់លោក​ គី​ តិច​ មេធាវី​តំណាង​ សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ​៖​ យោងតាមប្រភព​ព័ត៌មាន​ច្បាស់ការណ៍​ពី​មន្ត្រី​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បានអោយដឹងថា​ នៅ​ព្រឹកថ្ងៃទី​២​ ខែ​មេសា​ ឆ្នាំ​២០១៩​នេះ​ កម្លាំងសមត្ថកិច្ច​បាន​ចាប់​ខ្លួន​លោក​ផែង​ វណ្ណៈ​ ហើយ​ ដោយ​បញ្ជូន​ទៅ​បញ្ជា​ការដ្ឋាន​កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​ ដេីម្បី​សាកសួរ​ ។

ប្រភពបន្តថា​ ការ​ចាប់​ខ្លួន​លោក​ ផែង​ វណ្ណៈ​ គឺ​ អនុវត្ត​តាម​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន​របស់​លោក​ អ៊ុំ​ សុភក្តិ​ ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ យោង​តាម​ពាក្យ​បណ្តឹង​របស់​លោក​ គី​ តិច​ មេធាវី​តំណាង​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងលោក ផែង វណ្ណៈ ពីបទប្រើប្រាស់បណ្តាញសង្គមFacebookផ្សព្វផ្សាយដល់ សាធារ​ណជន គោលបំណងបរិហាកេរ្តិ៍ ជាសាធារណៈលើ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានចេតនា​ពេញទី គោលបំណងញុះញង់ឲ្យប្រព្រឹត្ត បទឧក្រិដ្ឋជាអាទិ៍ ដែលជាអំពើផ្ទុយនឹង បញ្ញត្តិមាត្រា៣០៥ និងបញ្ញត្តិមាត្រា ៤៩៤-៤៩៥ នៃក្រមព្រហ្មទណ្ឌ។

មេធាវីសម្តេចតេជោ ហ៊ុន សែន បានអះអាងថា សំណេរនេះបានបញ្ជាក់ច្បាស់ថា ឈ្មោះ ផែង វណ្ណៈ ពិតជាមានផែនការ​ច្បាស់លាស់ និងចេតនាទុច្ចរិតពិតប្រាកដធ្វើការប្រៀប​ធៀប ក្នុងបំណងចោទប្រកាន់ និងទម្លាក់កំហុសទៅលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថា ជាឃាតកសម្លាប់លោកបណ្ឌិត កែម ឡី​ ។ សំណេរនេះឈ្មោះ ផែង វណ្ណៈ ក៏បានធ្វើការផ្សព្វផ្សាយជាសាធារណៈ តាមទំព័រ (Page) Facebook របស់ខ្លួន ក្នុងបំណងឲ្យសាធារណជន (Friends) មានការភាន់ច្រឡំ ជឿជាក់ និងទម្លាក់កំហុសទៅលើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា និងក៏ជាចេតនាទុច្ចរិត ដែលមានចរិតញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
ជាក់ស្តែងសាធារណជនដែលជា (Friends) បានបញ្ចេញជាទស្សនៈ យោបល់ (Comment) ជាច្រើន ដោយមានការភាន់ច្រឡំ និងសំដៅទៅលើ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថាជា ឃាតករសម្លាប់ លោកបណ្ឌិត កែម ឡី។​ មេធាវីសម្តេចតេជោ ហ៊ុន សែន សុំប្តឹងនិងធ្វើសំណូម​ពរ ចំពោះលោកព្រះរាជអាជ្ញា ធ្វើការពិនិត្យសម្រេចឃាត់​ខ្លួន ឬចាប់ខ្លួន និងឃុំខ្លួន ឈ្មោះ ផែង វណ្ណៈ ជាបន្ទាន់
ដើម្បីទប់ស្កាត់ការប្រព្រឹត្តអំពើល្មើសជាបន្តបន្ទាប់ ដែលអាចនាំឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម​ ។

បច្ចុប្បន្ន​ លោក​ ផែង វណ្ណៈ​ ត្រូវបានយកទៅធ្វើការសាកសួរ​នៅកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ ៕

ចែករំលែកអត្ថបទ