Saturday, April 27, 2024
Latest:
សន្តិសុខ​សង្គម

ស្ត្រីវ័យចំណាស់ម្នាក់តូចចិត្តចាញ់កល់កូនស្រីអស់លុយ១៧​មុឺនដូល្លារសុំឲ្យអាជ្ញាធរនិងសម្ដេចជួយរកយុត្តិធម៌

ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ម្នាក់លក់ផ្ទះបាន២៧មុឺនដូល្លារ រួចបានចែកកូនចៅ​ នៅសល់១៧មុឺនដូល្លារដើម្បីទុកសម្រាប់ចាយវាយពេលចាស់ជរា ដោយសារតែទុកចិត្តកូនស្រីពៅក៏បានផ្ញើលុយចំនួន១៧មុឺនដូល្លារដែលនៅសល់នោះឲ្យទៅ​រក្សាទុកនៅក្នុងកុងធនាគារ តែបែជាកូនស្រីពៅយកលុយទៅទិញផ្ទះធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន និងសម្ភារៈនិយមជាច្រើនទៀត ដោយមិនឲ្យម្ដាយដឹង​ ព្រមទាំងពេលស្ត្រីជាឈឺស្កាត់​ទៅយកលុយមកមើលជម្ងឺក៏មិនឲ្យទៀត ធ្វើឲ្យរូបគាត់តូចចិត្តណាមួយបើចង់ប្ដឹងផ្ដល់ដើម្បីរកបានយុត្តិធម៌ ក៏គ្មានលុយទើបនៅយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ រូបគាត់និងកូនស្រីបងបានពឹងពាក់ក្រុមអ្នកសារព័ត៌មានឲ្យជួយផ្សាយដើម្បីឲ្យដឹងដល់អាជ្ញាធរជំនាញ និងសម្ដេចតេជោ ជួយរកយុត្តិធម៌ដល់រូបគាត់ផង ។

ស្ត្រីចំណាស់រូបនោះមានឈ្មោះ ប៉ុល យ៉ន អាយុ៧៧ឆ្នាំ ស្នាក់នៅជាមួយកូនស្រីបង នៅអាគារបុរីកីឡា ក្នុងសង្កាត់​វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ដោយរូបគាត់មាន​កូនស្រី២នាក់ ម្នាក់មានអាយុ៥១ឆ្នាំ និងម្នាក់ទៀតអាយុជាង៤០ឆ្នាំ ។

យោងតាមសម្ដី​ អ៊ុំស្រីវ័យចំណាស់ខាងលើបានរៀបរាប់​​ប្រាប់​ទាំងទឹកភ្នែកថា កាលពីជាង២ឆ្នាំមុនមិនថ្ងៃខែច្បាស់ទេ​រូបគាត់ត្រូវបានកូនស្រីពៅល្បួងលក់ផ្ទះនៅសង្កាត់ទូលស្វាយព្រៃ បានលុយ២៧មុឺនដូល្លារ ហើយរូបគាត់ក៏បានចែកឲ្យកូនស្រីច្បងចំនួន៣មុឺនដូល្លារនិងទិញគ្រឿង​អលង្ការ​ ឲ្យកូនចៅ​ អស់ប្រហែល១មុឺនដូល្លារ ព្រមទាំងធ្វើបុណ្យទានជាង១ឆ្នាំអស់លុយមួយចំនួនទៀត ហើយបានឲ្យកូនស្រីពៅ​ចំនួន១៧មុឺនដូល្លារដើម្បីរក្សាទុកសម្រាប់ពេលចាស់ជរា ដោយកូនស្រីពៅក៏បានសន្យាថានិងមើលថែគាត់ផងដែរ ។

អ៊ុំស្រីបានបន្តថា​ ក្រោយមក កូនស្រីពៅ​ មិនបានយកលុយទៅរក្សាទុក​នោះទេ ក៏បានលួចយកលុយទៅទិញផ្ទះដាក់ឈ្មោះខ្លួន​ឯង និងទិញឡាន ទិញម៉ូតូធ្វើជារបស់ផ្ទាល់ខ្លួន ទុកឲ្យគាត់រស់នៅផ្ទះតែម្នាក់ឯងទាំងមិនបានមើលថែទៀត ធ្វើឲ្យរូបគាត់រស់នៅទាំងលំបាកវេទនា ក៏រត់មករកកូនស្រីច្បងឲ្យជួយដោះស្រាយ និងសុំលុយខ្លះមកមើលជម្ងឺគាត់ តែបែជាកូនស្រីពៅប្រើពាក្យសម្ដីមិនសមរម្យ​ ថាបើម្ដាយនិងបងស្រីទៅប្ដឹងអី ប្ដឹងទៅ ទើបនៅយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩​ ដោយអ៊ុំស្រីគិតថាគ្មានលុយសម្រាប់ប្ដឹងផ្ដល់ ក៏​បាន​ឲ្យកូនស្រីច្បងពឹងពាក់ក្រុមអ្នកសារព័ត៌មានចុះផ្សាយដើម្បីឲ្យអាជ្ញាធរជំនាញ ព្រមទាំងសម្ដេចតេជោ ជួយរកយុត្តិធម៌ដល់រូបគាត់ផង ទោះបីមិនបានលុយទាំងអស់ត្រឡប់​មក​វិញ ក៏យកបានតិចតួចសម្រាប់មើលជម្ងឺគាត់ក៏បានដែរ ៕

ចែករំលែកអត្ថបទ