Tuesday, April 30, 2024
Latest:
ព័ត៌មាន​ជាតិ

មេឃុំឫស្សីជ្រោយ ត្រូវពលរដ្ឋប្តឹងរឿងលួចចាក់ដី និងសាងសង់សំណង់ទាំងបំពានលើដីដែលមានដីការក្សាការពាររបស់តុលាការ

(កណ្ដាល)៖ ពលរដ្ឋម្នាក់បានដាក់ពាក្យប្តឹហសុំអន្តរាគមន៍ពីលោកអភិបាលស្រុកមុខកំពូល បន្ទាប់ពីលោក អ៊ុំ ឈុនស្រេង មេឃុំឫស្សីជ្រោយ បានធ្វើសកម្មភាពចាក់ដី និងបុកគ្រឹះសាងសង់សំណង់រំលោភលើដីដែលកំពុងមានដីការក្សាការពាររបស់តុលាការ។

ដើមបណ្ដឹងមានឈ្មោះ នាង ភិរិន្ទ ភេទប្រុស អាយុ ៦៣ឆ្នាំ បានរៀបរាប់ថា ដីទំហំជាង ៥០០០ម៉ែត្រការ៉េ ស្ថិតនៅភូមិព្រែកតាសោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល លោកបានទិញពីឈ្មោះ វ័ន សំអុល កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ ដោយមានលិខិតទិញលក់ និងលិខិតផ្ទេរកម្មសិទ្ធិត្រឹមត្រូវតាមផ្លូវច្បាប់។

ដោយសារដីខាងលើនោះ មានប្រជាពករដ្ឋមួយចំនួនបានអះអាងថា ជារបស់ពួកគេមួយផ្នែក (ខាងមុខប៉ែកខាងលិខ) ទើបដើមបណ្ដឹងឈ្មោះ នាង ភិរិន្ទ បានដាក់ពាក្យប្តឹងសុំដីការក្សាការពារដីនោះទុកជាបណ្ដោះអាសន្នរងចាំដោះស្រាយគ្នាតាមផ្លូវតុលាការ។

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៧ លោក ងួន វុទ្ធី ចៅក្រមសាលាដំបូងខេត្តកណ្ដាល បានចេញដីការក្សាការពារដីនោះ ជាបណ្ដោះអាសន្ន និងបានអនុវត្តដីការក្សាការពារដីនោះ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧។

ក្រោយមកនៅចុងឆ្នាំ២០១៩ មានលោក អ៊ុំ ឈុនស្រេង ជាមេឃុំឫស្សីជ្រោយ បានដាក់គ្រឿងចក្រ ឈូសឆាយ និងចាក់អាចម៍ដីលុប លើដីរបស់ដើមបណ្ដឹងឈ្មោះ នាង ភិរិន្ទ ដែលកំពុងមានដីការក្សាការពាររបស់តុលាការ ទាំងបំពានច្បាប់។

នៅពេលថ្មីៗ នេះ ឈ្មោះ អ៊ុំ ឈុនស្រេង ជាមេឃុំឫស្សីជ្រោយ បានដាក់គ្រឿងចក្របុកគ្រឹះសាងសង់សំណង់ដោយខុសច្បាប់ និងបំពានសិទ្ធិម្ចាស់ដី និងបំពានដីការក្សាការពាររបស់តុលាការថែមទៀតផង។

ដោយសារទង្វើបំពានច្បាប់របស់លោក អ៊ុំ ឈុនស្រេង បែបនេះទើបដើមបណ្ដឹងសម្រេចដាក់ពាក្យសុំអន្តរាគមន៍ទៅលោកអភិបាលស្រុកមុខកំពូលដើម្បីជួយចុះទៅផ្អាកសកម្មភាពរបស់លោក អ៊ុំ ឈុនស្រេង ជាបណ្ដោះអាសន្ន រងចាំរឿងនេះដោះស្រាយគ្នានៅតុលាការចប់សិន។

ពាក់ព័ន្ធករណីនេះ លោក តុង ស៊ីវមី អភិបាលស្រុកមុខកំពូល បានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា «ដីនោះ មានដីការក្សាការពារ របស់តុលាការ ខ្ញុំប្រាប់ទៅមេឃុំឫស្សីជ្រោយហើយថា កុំឲ្យចាក់ដី ឬសាងសង់សំណង់អ្វី រងចាំដោះស្រាយគ្នានៅតុលាការសិន។»

លោកអភិបាលស្រុកមុខកំពូល បញ្ជាក់បន្ថែម «ខ្ញុំ មិនបានអនុញ្ញាតច្បាប់ ឲ្យលោក អ៊ុំ ឈុនស្រេង ចាក់ដី ឬសាងសង់សំណង់ លើដីដែលកំពុងមានទំនាស់ និងមានដីការក្សាការពារពីតុលាការនោះទេ។»

ជុំវិញករណីនេះ លោក សូ ផាកុល ប្រធានការិយាល័យភូមិបាលស្រុកមុខកំពូល ប្រាប់ អ្នកសារព័ត៌មានក្នុងស្រុកថា «ទោះលោក អ៊ុំ ឈុនស្រេង សុំច្បាប់សាងសង់ ក៏ខ្ញុំមិនចេញឲ្យដែរព្រោះ ដីនោះមានដីការក្សាការពាររបស់តុលាការ។ កន្លងមកអាជ្ញាធរ ជំនាញហាមឃាត់លោក អ៊ុំ ឈុនស្រេង មេឃុំឫស្សីជ្រោយ យ៉ាងមិចក៏មិនស្ដាប់ដែរ។»

អ្នកសារព័ត៌មាន នៅពុំទាន់អាច សុំការបំភ្លឺករណីនេះ ពីលោក អ៊ុំ ឈុនស្រេង មេឃុំឫស្សីជ្រោយ បាននៅឡើយទេ ដោយសារលេខទូរស័ព្ទរបស់លោកហៅចូល ប៉ុន្តែគ្មានអ្នកទទួល៕

ចែករំលែកអត្ថបទ