Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

ឃាត់ខ្លួនកូនប្រុសថៅកែការ៉ាស់ឡាន ហេង ហេង អូតូ​ ​ ក្រោយ​វាយ​និស្សិតសាកលវិទ្យាល័យ លីម កុកវីង និង ផ្ញើរូបកាំភ្លើងគំរាម

ភ្នំពេញ៖​ យុវជនម្នាក់ដែលគេស្គាល់ថាជាកូន​ប្រុសថៅកែការ៉ាស់ឡាន ហេង ហេង អូតូ នៅ​ខណ្ឌទួលគោក​ឈ្មោះ គីម ហ៊ួត ជា​ជន​សង្ស័យ​វាយ​ទៅ​លេីនិស្សិតសាកល​វិទ្យាល័យ លីម កុកវីង​ត្រូវបាននគរបាលខណ្ឌ៧មករា ឃាត់ខ្លួនហើយ កាលពីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០​ ម្សិលមិញ បន្ទាប់​ពី​បានចូលបំភ្លឺនៅប៉ុស្តិ៍នគរបាលមនោរម្យ ។

យុវជនទំនើងរូបនេះ បានសារភាពចំពោះមុខ​សមត្ថកិច្ច ថា ពិតជាបានវៃជនរងគ្រោះនិងផ្ញើរូបភាពកាំភ្លើងគំរាម ពិតមែន ដោយសារខឹងរឿងញ៉ែស្រីស្នេហ៍ដែលខ្លួនស្រលាញ់ ។
លោក ស៊ូ ប៊ុនធី ឪពុក ជនរងគ្រោះឈ្មោះ ហម សុវណ្ណារ៉ា អាយុ១៩ឆ្នាំ ជានិស្សិតសាកល​វិទ្យាល័យ លីម កុកវីង បាន​បញ្ជាក់​នៅថ្ងៃទី៣០ខែមករាឆ្នាំ២០២០នេះ ថាយុវជន​ទំនើងឈ្មោះ គីម ហ៊ួត បានចូល​បំភ្លឺនៅប៉ុស្តិ៍នគរបាលមនោរម្យ ខណ្ឌ៧មករា កាលពី​ព្រលប់ថ្ងៃទី២៩ ខែមករា ម្សិលមិញ​ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

ក្រោយសាកសួរ សមត្ថកិច្ចបានឃាត់ខ្លួនជនទំនើងរូបនេះ ពាក់ព័ន្ធករណីប្រើអំពើ​ហិង្សា និង មានអាវុធទំនើប២ដើម ទាំងវ័យក្មេង មិនដឹងប្រភពមកពីណា ។​ ក្នុងនាមដើមបណ្តឹង លោក ស៊ូ ប៊ុនធី ចង់អោយ​សមត្ថកិច្ចនិងតុលាការ ចាត់ការជនទំនើងនេះ ទៅតាមច្បាប់ ខណៈខ្លួនបានទាមទារ​សំណង​ចំនួន៣ពាន់ដុល្លារ ។ លោក អះអាងថា លោកមិនចង់មានរឿងវែងឆ្ងាយទេ បើ​លោកបានទទួលសំណង លោកនឹងដក​ពាក្យបណ្តឹង ហើយសមត្ថកិច្ចនិងតុលាការ ចាត់ការយ៉ាងណានោះ គឺ ជាសមត្ថកិច្ចរបស់ស្ថាប័នច្បាប់ ។

បច្ចុប្បន្ន​ យុវជនឈ្មោះ គីម ហ៊ួត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការ​ខណ្ឌ៧មករា​ ដើម្បីកសាងសំណុំរឿង​ចាត់ការតាមច្បាប់៕

ចែករំលែកអត្ថបទ