Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

ប្ដីចិត្តកំណាចចាក់សាំងដុតប្រពន្ធឆេះរលួយពេញខ្លួនរងរបួសធ្ងន់

ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវអតីតប្តីចិត្តកំណាចយកសាំងចាក់ស្រោចលើខ្លួនដុតបណ្តាលឲ្យឆេះរលាកពេញខ្លួនរងរបួសធ្ងន់

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១រសៀលថ្ងៃទី១៩ ខែមករាឆ្នាំ២០២០ នៅចំណុចផ្ទះជួល ភូមិព្រៃព្រីងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ

ជនរងគ្រោះមានឈ្មោះ បូ ស្រីណែត ភេទស្រីអាយុ២៩ឆ្នាំ មុខរបរកម្មការនីរោងចក្រ  មានស្រុកកំណើត ភូមិបឹងង៉ោង ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចំណែកអតីតលោកប្តីចិត្តកំណាចឃោគឃៅមានឈ្មោះ វង់ ចាន់សុភាព អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅកន្លែងកើតហេតុ​ ​ស្រុកកំណើតឃុំក្រញ៉ូង ស្រុកស្វាយទាប ខេត្តស្វាយរៀងអ្នកទាំងពីរមានកូនស្រី២នាក់

យោងតាមសម្ដីសាច់ញាតិ បានឲ្យដឹងថា ប្តីប្រពន្ធខាងលើ រៀបការនឹងគ្នាបានរយៈពេលជាង៧ឆ្នាំមកហើយ និងមានកូនស្រី២នាក់ជាចំណងដៃហើយមានមុខរបរធ្វើការរោងចក្រនិងលក់បាយ ម្ហូបនៅមុខរោងចក្រផង

ប្រភពបន្តថាដោយសារតែការរស់នៅមិនចុះសម្រុងនិងគ្នា ប្តីប្រពន្ធនេះបានស្ម័គចិត្តរៀងខ្លួន ទៅអាជ្ញាធរ សុំលែងលះគ្នាដោយសន្តិវិធី ឯកភាពយកកូនមួយម្នាក់កូនច្បងរស់នៅជាមួយប្តី កូនប្អូនរស់នៅជាមួយប្រពន្ធ ដោយចែកផ្លូវគ្នាដើររៀងខ្លួនអស់រយៈពេលជាងខែមកហើយ អតីតប្រពន្ធទៅរស់នៅឯស្រុកវិញ លុះមកដល់រសៀលថ្ងៃកើតហេតុភាគីខាងអតីតប្រពន្ធ ឌុបកូនស្រី និងប្អូនស្រីតូចម្នាក់ទៀត ទៅផ្ទះជួលដែលប្តីស្នាក់នៅ ក្នុងបំណងទៅប្រមូលខោអាវ ផ្ទាល់ខ្លួនដែលនៅសេសសល់ លុះមកដល់ស្រាប់តែអតីតប្តីខឹង ស្ទុះទៅទាញដបសាំងចាក់ស្រោចលើខ្លួន រួចដុតតែម្តង បណ្ដាលឆេះរលាករលួយពេញខ្លួនប្រាណ ហើយបានយកលុយនិងទូរស័ព្ទ រត់គេចខ្លួនបាត់ស្រមោល

ក្រោយកើតហេតុដោយសារស្ត្រីរងគ្រោះនៅមានស្មារតីរឹងមាំបានជិះម៉ូតូទៅឲ្យពេទ្យជួយជាចំណែកប្អូនស្រីជិះម៉ូតូឌុប ទៅតាមឪពុក និងក្រុមគ្រួសារនៅឯស្រុកមកជួយ រហូតដល់ល្ងាចថ្ងៃដដែល ទើបជនរងគ្រោះជិះម៉ូតូកង់បី មកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលចោមចៅ៣ តែដោយស្ថានភាពរបួសធ្ងន់ធ្ងរពេក នៅវេលាម៉ោងជាង៥ល្ងាចថ្ងៃដដែល ក្រុមគ្រួសារបានសុំអន្តរាគមន៍ ពីកម្លាំងអង្គភាព៧១១ចេញរថយន្តសង្គ្រោះបន្ទាន់ដឹកទៅមន្ទីរពេទ្យព្រះកុសុមៈ

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យអតីតប្ដីស្ត្រីរងគ្រោះធ្លាប់ជាប់ពន្ធនាគារ ម្តងហើយ រឿងប្រើហឹង្សាក្នុងគ្រួសារ វាយប្រពន្ធឲ្យមានរបួសស្នាមនិងប្រើប្រាស់គ្រឿងញៀន លុះចេញមកវិញ មិនរាងចាល នៅតែវាយនិងដុតប៉ងសម្លាប់ប្រពន្ធទៀត

បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យដែលប៉ុនប៉ងមនុស្សឃាតយកមកផ្ដន្ទាទោសតាមនិតិវិធីច្បាប៕

ចែករំលែកអត្ថបទ