Wednesday, October 28, 2026
Latest:
សន្តិសុខ​សង្គម

នគរបាលឃាត់ខ្លួនសិស្សសាលាAISម្នាក់​បន្ទាប់ពីវាយគ្នាបណ្ដាលឲ្យភាគីម្ខាងទៀត​ស្លាប់

ភ្នំពេញ៖ សិស្សសាលាអន្ដរទ្វីបអាមេរិកកាំង AIS ២នាក់វាយតប់គ្នាបណ្ដាលឲ្យភាគីម្ខាងរងរបួសធ្ងន់ធ្ងរ​ រួចបានស្លាប់ ពេលបញ្ជូនទៅ​សង្គ្រោះនៅមន្ទីរពេទ្យ

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង​នៅ​ល្ងាចថ្ងៃ​ទី១៨ខែមករាឆ្នាំ២០២០​ នៅ​ចំនុចផ្លូវ៤០២ក្រុម១១​ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌ​បឹងកេងកង​ រាជធានីភ្នំពេញ​ ។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើត​ហេតុ ជនរងគ្រោះរួមជាមួយមិត្តភ័ក្រ បានជិះម៉ូតូចេញពីសាលាអន្ដរទ្វីបអារមេរិចកាំង ទៅ​ជួបជនសង្ស័យ នៅផ្លូវ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកងដោយបានណាត់វ៉ៃគ្នាជា​មួយជនសង្ស័យ​ ដោយសារមានទំនាស់​ ពាក្យសម្ដី​ជាមួយគ្នា (រឿងហៅអា)​ ។

សមត្ថកិច្ចបានបន្តថា បន្ទាប់ពីជនរងគ្រោះបានទៅ​ជួប​ ជនសង្ស័យក៏បានវាយជនរង​គ្រោះមួយដៃចំកណ្ដាលដើមទ្រូង ធ្វើឲ្យជន​រងគ្រោះដួល​ ភ្លាមៗនោះ ជនសង្ស័យក៏បានជិះម៉ូតូម៉ាក Today គេចខ្លួនបាត់តែម្ដង។ បន្ទាប់មកជនរងគ្រោះត្រូវបានមិត្តភ័ក្រ្ដ ជូនទៅមន្ទីរពេទ្យមិត្តភាពខ្មែរ–សូវៀត លុះពេល​ទៅដល់គ្រូពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់បង់ជីវិតហើយ។

ជនរងគ្រោះមានឈ្មោះ សំ សន្ធិវង្ស អាយុ​១៤ឆ្នាំ រៀនថ្នាក់ទី(​ ៩ឃ​ )​នៅសាលាអន្តរទ្វីបអាមេរិកាំង AIS ស្នាក់នៅផ្ទះលេខ៤៣០ ផ្លូវ២៤BT ភូមិត្នោតជ្រំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ។

ចំណែកជនសង្ស័យឈ្មោះ នី លីស៊ាង ជា​សិស្សរៀននៅសាលា AIS ដូចគ្នា ស្នាក់នៅផ្ទះលេខ៣A ផ្លូវ១២BT សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។

បច្ចុប្បន្ន​ ជនសង្ស័យត្រូវសមត្ថកិច្ចចាប់ខ្លួនធ្វើ​ការសាកសួរ​ នៅអធិការនគរបាល​ ខណ្ឌបឹង​កេងកង​ ដើម្បីកសាងសំណុំរឿងចាត់ការបន្ត​តាមនិតិវិធីច្បាប់​ ។ ដោយឡែកសពជនរង​គ្រោះ​ បន្ទាប់ពីសមត្ថកិច្ច​ ធ្វើកោសល្យវិច្ច័យ​ចប់​ បានប្រគល់ជូនក្រុមគ្រួសារយក​ទៅ​ធ្វើ​បុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ