Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

លោកយាយម្ចាស់ដីប្តឹងឧទ្ធរណ៍ប្រឆាំងសាលក្រមតុលាការខេត្តកំពង់ចាមដែលសម្រេចឲ្យដីគាត់ទៅឈ្មួញ ខណៈតំណាងអយ្យការខេត្តនេះ រកឃើញថាឈ្មួញប្រើឯកសារក្លែងយកដីគាត់

(កំពង់ចាម)៖ លោកយាយ ប៉េង រូ ហៅ ប៉េង សារូ វ័យ៦២ឆ្នាំ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ បានដាក់ពាក្យប្តឹងឧទ្ធរណ៍ប្រឆាំងសាលក្រមរបស់លោក តូង ពុទ្ធារ៉ា ចៅក្រមជំនំជម្រះ នៃសាលាដំបូងខេត្តកំពង់ចាម ដែលបានសម្រេចប្រគល់ដីរបស់គាត់ជិត ៤ហិកតាឲ្យទៅឈ្មោះ ឆាយ មុំ ជាឈ្មួញទិញដី។

យោងតាមសាលក្រមលេខ ២៦៩ “ឆ” ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ បានសម្រេចឲ្យឈ្មោះ ប៉េង សារូ និងប្តីឈ្មោះ ហម លឿន ប្រគល់ដីទំហំ ៣ហិកតា ៦៨អា មានទីតាំងភូមិតាំងគោក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ឲ្យទៅឈ្មោះ ឆាយ មុំ មានសិទ្ធិកាន់កាប់។

តាមការលើកឡើងរបស់លោកយាយ ប៉េង សារូ បានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០១៧ និងឆ្នាំ២០១៨ ខ្លួន និងប្តី បានលក់ដីទំហំជាង ៣ហិកតា ចំនួន ៦ទីតាំង ឲ្យទៅឈ្មោះ អ៊ុំ សារិន ជាក្រុមគួកជេដី ដែលមានទីតាំងផ្សេងពីទីតាំងកំពុងមានទំនាស់ ហើយក៏មានដីប្រជាពលរដ្ឋជាង១០គ្រួសារទៀតដែលនៅជាប់ព្រំគ្នាបានលក់ជាមួយគ្នាដែរ។

លុះដល់អំឡុងដើមខែឧសភា ឆ្នាំ២០១៩ ស្រាប់តែលេចមុខ ឈ្មោះ ឆាយ មុំ បានជួលក្រុមវាស់ដីឯកជនចុះមកវាស់ និងប្តឹងទាមទារដីរបស់គាត់ទំហំជាង ៣ហិកតា មួយកន្លែងផ្សេងទៀតយកធ្វើកម្មសិទ្ធិ ដោយសំអាងថា បានឲ្យឈ្មោះ ឡាយ សុខ, ឈ្មោះ គឹម លាវ, ឈ្មោះ ឈុន អ៊ឹម និងឈ្មោះ គឹម លី ជាអ្នកប្រមូលទិញដីនោះឲ្យ និងមានឯកសារត្រឹមត្រូវ។

ដោយសារខ្លួនមិនបានលក់ដីនៅទីតាំងមានទំនាស់ខាងលើនោះ ទើបលោកយាយ ប៉េង សារូ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ បានដាក់ពាក្យប្តឹងឈ្មោះ ឆាយ មុំ និងបក្ខពួក ទៅអយ្យការអមសាលាដំបូងខេត្តកំពង់ចាម​ ។

ក្រោយមកលោក ហួត វុទ្ធី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានរកឃើញថា ឯកសារដែលឈ្មោះ ឆាយ មុំ និងបក្ខពួក យកទៅប្រើប្រាស់ដើម្បីប្តឹងទាមទារដីទំហំជាង ៣ហិកតា របស់លោកយាយ ប៉េង សារូ គឺពិយជាក្លែងក្លាយប្រាកដមែន។

បន្ទាប់មកលោក ហួត វុទ្ធី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានសម្រេចចោទប្រកាន់លើឈ្មោះ ឆាយ មុំ និងបានបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមច្បាប់។

ប៉ុន្តែមកដល់ពេលនេះ លោកយាយ ប៉េង សារូ បានអះអាងថា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម នៅមិនទាន់ចាត់ការរឿងរបស់លោកយាយប្តឹងឈ្មោះ ឆាយ មុំ ក្លែងឯកសារយកដីលោកយាយនោះទេ ប៉ុន្តែតុលាការបែរជាខិតខំចាត់ការតែរឿងរបស់ឈ្មោះ ឆាយ មុំ ប្តឹងទាមទារយកដីពីលោកយាយ ទាំងតុលាការបានដឹងថា តំណាងអយ្យការបានរកឃើញថា ឯកសារដែលឈ្មោះ ឆាយ មុំ យកទៅធ្វើជាភស្តុតាងដើម្បីប្តឹងយកដីរបស់យាយ គឺជាឯកសារក្លែងទាំងអស់៕

ចែករំលែកអត្ថបទ