ព័ត៌មាន​ជាតិ

ភ្ញាក់ព្រើត!!មន្ត្រីជំនាញកោសល្យវិច្ឆ័យថាលោកស្រី​ ចែវ សុវឌ្ឍនា​ ពិតជាចង.ក​ សម្លាប់ខ្លួនឯង

ភ្នំពេញ)៖ សវនាការជំនុំជម្រះសំណុំរឿង ឃាតកម្ម លើជន​រងគ្រោះឈ្មោះ ចេវ សុវឌ្ឍនា ដែលជាស្រីកំណាន់​ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩​ បើតាមប្រភព​ តុលាការបានសាកសួរ​សាក្សីជំនាញកោសល្យវិច័យចំនួន ៣នាក់ ដែលជាក្រុមមន្ត្រីនៅខេត្តតាកែវ។
មន្ត្រីជំនាញកោសល្យវិច័យទាំង ៣នាក់រួមមាន៖ លោក មាស ទេន នាយរងការិយាល័យបច្ចេកទេស នៃស្នងការ​នគរបាលខេត្តតាកែវ, លោក អូន នឿន ប្រធានផ្នែកបច្ចេកទេស នៃស្នងការនគរបាលខេត្តតាកែវ និងលោកវិជ្ជបណ្ឌិត ឈូវ ឈួន ប្រធានមន្ទីរពេទ្យបង្អែកខេត្តតាកែវ ដើម្បីបញ្ជាក់ការពិតអំពីរបាយការណ៍ និងកំណត់ហេតុពិនិត្យសាកសពជនរងគ្រោះនៅពេលកើតហើយ។

សាក្សីទាំង៣នាក់ខាងលើសុទ្ធតែបានអះអាងការពាររបាយការណ៍​របស់ពួកគេថា បន្ទាប់ពីពួកគេពិនិត្យទីតាំងកើតហេតុ, ពិនិត្យសភាពសាកសពរបស់ជនរងគ្រោះ, ពិនិត្យភស្តុតាង (សំបុត្របណ្តាំ)ដែលជនរងគ្រោះបន្សល់ទុកនិងស្តាប់ចម្លើយ​របស់អ្នកបម្រើជនរងគ្រោះឈ្មោះ ចាន់ រី មន្ត្រីជំនាញ​ ដោយមានទាំងលោក ជីវ ចាន់តារា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវចូលរួមដឹងឮចំពោះលទ្ធផលកោសល្យវិច័យ បានបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន។

បន្ទាប់ពីសាកសួរសាក្សី៣នាក់ និងអ្នកជំនាញឯករាជកោសល្យវិច័យម្នាក់ចប់សព្វគ្រប់ លោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាប្រធានក្រុុមប្រឹក្សា​ចៅក្រមជំនុំជម្រះ បានសម្រេចលើកពេលទៅបើក​សវនាការ​សំណុំរឿងនេះនៅព្រឹកថ្ងៃទី០១ខែឧសភាឆ្នាំ២០១៩​ ខាងមុខទៀត​ ។

សូមបញ្ជាក់ថា តុលាការបានចោទប្រកាន់លើជនជាប់ចោទ៖
-ទី១ឈ្មោះ ឡាយ វណ្ណ: ភេទប្រុស អាយុ ៤៥ឆ្នាំ និងទី២ឈ្មោះ ឡាយ ណារិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ (ជាបងប្រុស របស់លោក ឡាយ វណ្ណៈ) ពីបទ ឃាតកម្ម ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ យោងតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។

-ទី៣ឈ្មោះ ម៉េន សាម៉ៃ ភេទប្រុស អាយុ៣៦ឆ្នាំ ជាតៃកុងឡានរបស់ លោក ឡាយ វណ្ណ: និងទី៤ឈ្មោះ ជឹម វុធ ហៅថូត ភេទប្រុស អាយុ៤១ឆ្នាំ ជាអ្នកបម្រើនៅផ្ទះរបស់លោកស្រី ចែវ សុវឌ្ឍនា ពីបទ លាក់បំបាំងតម្រុង ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ យោងតាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ។

គួររំលឹកថា ជនរងគ្រោះឈ្មោះ ចែវ សុវឌ្ឍនា ត្រូវគេប្រទះឃើញចងកស្លាប់ក្នុងបន្ទប់គេងរបស់នាង នៅក្នុងផ្ទះជួលដ៏ធំមួយដែលលោក ឡាយ វណ្ណៈ ជាអ្នកជួលឲ្យ នៅក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ។

ភ្លាមៗ ករណីឃាតកម្មនេះត្រូវសមត្ថកិច្ច សន្និដ្ឋានថា ជារឿង អត្តឃាត ព្រោះតែវិបត្តិស្នេហា ប៉ុន្ដែក្រោយពីបើកការស្រាវជ្រាវ សមត្ថកិច្ចជំនាញរបស់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានរកឃើញថា ករណីខាងលើ មិនមែនជារឿង អត្តឃាតឡើយ ពោលគឺជារឿង ឃាតកម្ម ដោយមានអ្នក​បញ្ជា និងរៀបចំទុកសម្លាប់ជនរងគ្រោះ។ក្រោយពីបើកការ​ស៊ើប​អង្កេត សមត្ដកិច្ចជំនាញ បានឃាត់ខ្លួនក្រុមជនជាប់​ចោទទាំង ៤នាក់ ខាងលើបញ្ជូនទៅតុលាការចាត់ការតាម​ច្បាប់៕

ចែករំលែកអត្ថបទ