Sunday, April 28, 2024
Latest:
ព័ត៌មាន​ជាតិ

មន្ត្រីឧទ្យានុរក្សម្នាក់ ត្រូវជនមិនស្គាល់មុខលួចកាប់៥កាំបិត របួសធ្ងន់

កំពង់ធំ៖ បុរសម្នាក់ជាមន្ត្រីឧទ្យានុរក្ស​ ប្រចាំការ នៅច្រករបៀងអភិរក្សជីវៈចម្រុះព្រៃអង់តែន​ ត្រូវបានជនសង្ស័យមិនស្គាល់មុខលបកាប់ចំនួន៥កាំបិតរងរបួសធ្ងន់​ ៖​ ហេតុការ​នេះបានកើតឡើង​នៅថ្ងៃទី១៩ខែមីនាឆ្នាំ២០១៩ នៅចំណុច​តំបន់ អូរដើមថ្កូវក្នុងភូមិសាស្ត្រ ឃុំក្រយាស្រុកសន្ធុកខេត្តកំពង់ធំ ។

បើតាមការឲ្យដឹងរបស់លោក នេត្រ ភក្ត្រារដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានបង្ហាញការសោក​ស្តាយ និងថ្កោលទោសចំពោះអំពើអមនុស្សធម៌ សាហាវឃោរឃៅរបស់ក្រុមជនល្មើស ប្រឆាំងនឹងក្រុមអ្នកការពារ និងអភិរក្សធនធានធម្មជាតិអំឡុងពេលចុះបំពេញបេសកកម្មក្នុងបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ ។

លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានឲ្យដឹងទៀត​ថានៅ​ ថ្ងៃ​ទី​១៩ខែមីនាឆ្នាំ២០១៩ កម្លាំងមន្ត្រីឧទ្យានុរក្សប្រចាំការ​នៅ​ច្រករបៀងអភិរក្សជីវៈចម្រុះព្រៃអង់តែនចំនួន០៥នាក់ បាន​ចុះល្បាតនៅតំបនអូរដើមថ្កូវ ក្នុងភូមិសាស្ត្រ ឃុំក្រយា ស្រុក​សន្ធុក ខេត្តកំពង់ធំ បានជួបប្រទះជនល្មើសចំនួន០២នាក់ កំពុងធ្វើសកម្មភាពប្រព្រឹត្តបទល្មើសកាប់ឆា្ករព្រៃទន្ទ្រានយក​ដីព្រៃធ្វើចម្ការ ពេលនោះមន្ត្រីឧទ្យានុរក្សបានដេញចាប់ជន​ល្មើស តែបានទាក់ជើងដួលហើយត្រូវជនល្មើសតដៃ ដោយ​បានកាប់ត្រូវកម្លាំងមន្ត្រីឧទ្យានុរក្សម្នាក់ឈ្មោះ ចក់ សុជាតិ ត្រូវចំនួន ០៥កាំបិតផ្គាក់ ចំក្បាល កញ្ចឹងក និងកដៃ បណ្តាលឲ្យរងរបួសធ្ងន់ ។ ចំណែកមន្ត្រីឧទ្យានុរក្ស ៤នាក់ផ្សេងទៀតមិនមានរងរបួសអ្វីឡើយ ។ ចំណែកជនល្មើស​បានរត់គេចខ្លួនបាត់ ។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងថា បច្ចុប្បន្នមន្ត្រីឧទ្យានុរក្សដែលមាន របួសមានស្ថានភាពធ្ងន់ធ្ងរផែ្នកលលាដ៍ក្បាល ត្រូវបានក្រុមគ្រូពេទ្យបានបញ្ជូន​មកកាន់មន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ។ លោករដ្ឋលេខាធិការបានឲ្យដឹងថា មន្ត្រីសមត្ថកិច្ចបាន និងកំពុងស៊ើបអង្កេត ធ្វើកំណត់ហេតុ និងដាក់ពាក្យបណ្តឹងបញ្ជូនរឿងទៅកាន់តុលាការដើម្បីវែកមុខរកជនល្មើសមកផ្តន្ទាទោស ។

លោក ចក់ សុជាតិ គឺជាមន្ត្រីឧទ្យានុរក្សទី២ ដែលត្រូវបាន​រងរបួសដោយការតដៃរបស់ជនល្មើស ក្នុងបទល្មើសធន​ធានធម្មជាតិ ក្នុងរយៈពេល ២ខែចុងក្រោយនេះ ។ កាលពី​ចុងខែមករា ឆ្នាំ ២០១៩ មន្ត្រី ឧទ្យានម្នាក់ឈ្មោះ ចេង ចាន់ធី ត្រូវបានក្រុមព្រានព្រៃប្រកបដោយកាំភ្លើងបាញ់ប្រហារមកលើ ធ្វើឲ្យរបួស ចំភ្លៅ អំឡុងពេលនៃការចុះបង្ក្រាបបទល្មើសសត្វព្រៃក្នុងភូមសាស្ត្រនៃដែនជម្រកសត្វព្រៃ​ស្រែពកក្នុង ខេត្តមណ្ឌលគិរី ។ លោក នេត្រ ភក្ត្រា បានថ្លែងថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថានមានមន្ត្រីឧទ្យានុរក្សចំនួន ១២២១នាក់ដែលកំពុងតែការពារ និងអភិរក្សតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះចំនួនជិត៦០ដែលមានទំហំ​ប្រមាណ ៧,៥លានហិកតា ។

លោករដ្ឋលេខាធិការក្រសួងបរិស្ថានថ្លែងថា មន្ត្រីឧទ្យានុរក្សដែលមានតួនាទីជាមន្ត្រីយុត្តិធម៌ មានតួនាទីការពារ និងអភរិក្សធនធានធម្មជាតិ និងអភិរក្ស ជីវៈចម្រុះនៅតាមតំបន់ការពារធម្មជាតិនានា ក្នុងប្រទេសកម្ពុជា បានលះបង់សព្វបែបយ៉ាងរួមនឹងអាយុជីវិត ដើម្បីការពារធនធានធម្មជាតិឲ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត ហើយលោកថ្លែងថាមិនត្រូវយកមន្ត្រីឧទ្យានុរក្សធ្វើជាសត្រូវឡើយ ព្រោះពួកគាត់បានឆ្លងកាត់ការលំបាក ព្យុះភ្លៀង និងប្រឈមការគំរាមកំហែងនានាពីជនល្មើសខុសច្បាប់ដើម្បីការពារធនធានធម្មជាតិ និងបរិស្ថាន ៕

ចែករំលែកអត្ថបទ