Friday, April 26, 2024
Latest:
ទេសចរណ៍

អគ្គនាយក​ក្រុមហ៊ុន​ ​Alibaba​ ​លោក​ ​Jack​ ​Ma​ ​ម​ហា​សេដ្ឋី​ចិន បាន​មក​ទស្សនា ប្រាសាទខ្មែរនៅខេត្តសៀមរាប

សៀមរាប៖​ អគ្គនាយក​ក្រុមហ៊ុន​ Alibaba​ ​ដែល​ជា​ ម​ហា​សេដ្ឋី​ចិន លោក Jack Ma បានអញ្ចើញមកដល់ទឹកដីខេត្ដ សៀមរាប កាលពីព្រឹកថ្ងៃទី១២ខែមិនា​ ឆ្នាំ២០១៩​ ក្នុងគោលបំណងស្វែងរកវិនិយោគទុន​ ។ ហើយលោកបានអញ្ចើញ​ទៅទស្សនាប្រាសាទចំនួន ៣គឺ ប្រាសាទអង្គរវត្ត ប្រាសាទអង្គរធំ និងប្រាសាទតាព្រហ្ម​ និងបានកោតសរ​សើរនូវភាពអស្ចារ្យនៃ​ប្រា​សាទខ្មែរ​ នេះបើយោងតាមប្រភពចុះផ្សាយ​របស់​ផេក​ហ្វេសប៊ុក ក្រសួងវប្បធម៌​និងវិចិត្រសិល្បៈ​ នៅថ្ងៃទី១២ខែ​មីនា ឆ្នាំ២០១៩​នេះ​ ។

ក្រសួងវប្បធម៌បានឲ្យដឹងថា​ ភាពល្បីល្បាញនៃរមណីយ​ដ្ឋាន​ អង្គរ មិនត្រឹមតែទាក់ទាញអ្នកស្រាវជ្រាវ និងភ្ញៀវទេសចរទូទៅប៉ុណ្ណោះទេ សូម្បីតែបុគ្គលល្បីៗក្នុងពិភពលោក រួមនឹងអ្នកមានៗលំដាប់ពិភពលោកច្រើនរូប ក៏ទាក់ចិត្តមិនខក​ខានក្នុងដំណើរមកទស្សនាអង្គរដែរ។ ថ្ងៃទី១២ ខែមីនា ឆ្នាំ​២០១៩នេះ ចាត់ទុកជាថ្ងៃពិសេសមួយទៀត ដែលមហាសេដ្ឋីស្រុកចិន និងជាប្រធានក្រុមហ៊ុន Alibaba គឺ លោក ចេក ម៉ា (Jack Ma) បានមកបំពេញទស្សនកិច្ចពេញមួយថ្ងៃនៅ​ប្រាសាទនានាក្នុងតំបន់អង្គរខេត្តសៀមរាម​ ។

លោក សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ដែលបានជូនដំណើរលោក Jack Ma ទស្សនាប្រាសាទអង្គរវត្តបានបញ្ជាក់ថា លោក Jack Ma ជាមនុស្សសុភាពគួរឲ្យគោរព។ ថ្វីត្បិតលោកជាមហាសេដ្ឋី តែឥរិយាបថរបស់លោកបានបង្ហាញនូវការគោរព ផ្តល់តម្លៃយ៉ាងខ្លាំងចំពោះប្រាសាទខ្មែរ។ លោកបានសួរសំណួរនានាដែលពាក់ព័ន្ធ នឹងការគ្រប់គ្រងប្រាសាទ ក្នុងភាពជាអ្នកចង់ចេះដឹងពិតប្រាកដ និងផ្តល់ការគោរពយ៉ាងជ្រាលជ្រៅចំពោះអង្គរ។
លោក សុខ សង្វារ បានបញ្ជាក់ថា តាមការបញ្ជាក់របស់លោក Jack Ma លោកពិតជាស្ញើចសរសើរ នូវភាពអស្ចារ្យនៃប្រាសាទខ្មែរ និងកោតសរសើរនូវការគ្រប់គ្រងរមណីយដ្ឋានអង្គរ ប្រកបដោយការទទួលខុសត្រូវខ្ពស់។
លោកបញ្ជាក់ថា លោក ចេក ម៉ា បាននិយាយថានឹងមកកាន់រមណីយដ្ឋានអង្គរនាឱកាសក្រោយទៀត ដោយការធ្វើដំណើររបស់លោកនាពេលនេះ គ្រាន់តែជាលើកដំបូងប៉ុណ្ណោះ តែច្បាស់ណាស់នឹងមានលើកទី២ ឬទី៣បន្តទៀត ។

លោក សុខ សង្វារ ជឿជាក់ថា តាមរយៈវត្តមានរបស់លោក Jack Ma ក៏ដូចជា បុគ្គលល្បីៗផ្សេងទៀតក្នុងពិភពលោកក្នុងការមកទស្សនារមណីយដ្ឋានអង្គរ ពិតជាធ្វើឲ្យភ្ញៀវទេសចរគ្រប់ជាតិសាសន៍កាន់តែចាប់អារម្មណ៍ហើយមក​ទស្សនារមណីយដ្ឋានអង្គរកាន់តែច្រើនឡើងៗជារៀងរាល់ឆ្នាំបន្ថែមទៀត៕

ចែករំលែកអត្ថបទ