Monday, April 29, 2024
Latest:
ព័ត៌មាន​ជាតិ

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យសិក្សាដកតំណែងមេយោធា និងអភិបាលរងខេត្តមួយចំនួន

ភ្នំពេញ៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាឱ្យសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ស៊ើបអង្កេតសិក្សាដើម្បីដកតំណែងមេបញ្ជាការយោធា ខេត្តព្រះសីហនុ និងអភិបាលខេត្តព្រះសីហនុ នៅពេលខាងមុខនេះពាក់ព័ន្ធនឹងការអនុវត្តសាលដីកាតុលាការកំពូល កាលពីខែមករា កន្លងទៅ បើសិនជារកឃើញថាមានកំហុសមែននោះ។ នេះបើតាមលោក ឈឹម ផលវរុណ អគ្គលេខាធិការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ថ្លែងនៅក្នុងសន្និសិទ្ធសារព័ត៌មាន។

លោក ឈឹម ផលវរុណ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានឱ្យបានកាន់តែច្បាស់ម្តងទៀត នៅក្នុងសន្និសីទមួយ ក្រោយបញ្ចប់កិច្ចប្រជុំប្រចាំឆមាសទី១ របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលធ្វើឡើងនៅវិមានសន្តិភាព ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក ឈឹម ផលវរុណ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពាក់ព័ន្ធនឹងភាពមិនប្រក្រតី ក្នុងការអនុវត្តសាលដីកាតុលាការកំពូល កាលពីថ្ងៃទី២៤ ខែមករា សម្តេចតេជោ បានបង្ហាញជំហរមិនពេញចិត្តដូចអ្វីដែលឧត្តមក្រុមប្រឹក្សា​ បានលើកឡើងដែរ។ ចំណុចដែលសំខាន់នោះ គឺត្រូវតែមានការស៊ើបអង្កេត ហើយសម្តេចតេជោ ក៏បានផ្តល់នូវការណែនាំទៅ សម្តេចពិជ័យសេនា ត្រូវពិនិត្យអំពី លក្ខណៈដែលកើតមានដោយមេទាហានខេត្ត បើមានបញ្ហាដែលរកឃើញគឺត្រូវតែមានការដកតំណែង»។

លោកបានបន្តទៀតថា «ហើយបើមានការពាក់ព័ន្ធទៅនឹងគណៈអភិបាលខេត្ត បើសិនជារកឃើញមានបញ្ហា គឺសម្តេ​ចបញ្ជាក់រួចហើយ ពេលនេះបញ្ជាក់ម្តងទៀតថា ពីថ្នាក់អភិបាលស្រុករហូតដល់អភិបាលរងខេត្ត សម្តេចត្រូវការពេលតែ១៥នាទីទេ បើសិនជាអភិបាលខេត្តគឺថ្នាក់ព្រះរាជក្រឹត្យ សម្តេចត្រូវការពេល២ម៉ោង អញ្ចឹងជាការបញ្ជាក់ច្បាប់ហើយថា សម្តេចសម្រេចភាពម៉ឺងម៉ាត់របស់លោកជាបន្តបន្ទាប់ ដោយមិនអនុញ្ញាតឱ្យមន្រ្តីក្រោមឱវាទមើលស្រាលនូវចំណាត់ការរបស់សម្តេចទេ»។

កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ កន្លងទៅ កម្លាំងចម្រុះនៅ​ខេត្តព្រះសីហនុ ក្នុងនោះមានទាំងកម្លាំងកងរាជអាវុធហត្ថ និងមន្រ្តីយោធាផង ដឹកនាំដោយព្រះរាជអាជ្ញា និងអភិបាលរងម្នាក់ បាន​ចុះអនុវត្តសាលដីកាតុលាការកំពូល ក្នុងទំនាស់ដីធ្លី ភូមិគគីរ ឃុំបិតត្រាំង ​ស្រុក​ព្រៃនប់ ​ខេត្ត​ព្រះសីហនុ។ ហេតុការណ៍នេះបានបណ្តាលឱ្យមានការប៉ះទង្គិចគ្នា ចាក់សាំងដុត​កង់​ឡាន បិទ​ផ្លូវ និង​គប់​ដុំ​ថ្ម ហើយក្នុងនោះក៏មានប្រជាពលរដ្ឋមួយចំនួនត្រូវចាប់ខ្លួន។

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការ​​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ ​និង​ជា​មេបញ្ជាការ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ បានសម្រេច​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច ដើម្បីចុះ​ស្រាវជ្រាវ​ករណី​ខាងលើនេះ។ ក្រោយការស៊ើបអង្កេតនេះ កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សម្រេច​ដាក់​វិន័យ​រដ្ឋបាល​លើ​មន្ត្រី​កង​រាជ​អាវុធហត្ថ៥នាក់ និង​មន្ត្រី​យោធា​ម្នាក់ ក្នុង​នោះ​មាន២នាក់ ត្រូវ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការផងដែរ។

អគ្គលេខាធិការឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលបានធ្វើសន្និសីទបង្ហាញលទ្ធផលកិច្ចប្រជុំ បញ្ជាក់ថា ក្នុងកិច្ចប្រជុំរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នេះ សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែឱ្យមានការស៊ើបអង្កេតចំពោះអ្នកប្រព្រឹត្តនោះទេ សម្តេចក៏បានបញ្ជាឱ្យស៊ើបអង្កេតរកអ្នកនៅពីក្រោយដែលពាក់ព័ន្ធផងដែរ។

លោកបានបញ្ជាក់ថា៖ «រឿងស៊ើបអង្កេតបានធ្វើរួចហើយដឹកនាំដោយ នាយឧត្តមសេនីយ៍ សៅ សុខា។ ការស៊ើបអង្កេតរកអ្នកនៅពីក្រោយគឺនៅមានបន្ត។ ទើបសម្តេចបានបញ្ជាក់ទៅ សម្តេចពិជ័យសេនា ដែលជាប្រមុខយោធាផ្ទាល់ ដើម្បីពិនិត្យអំពីបញ្ហារបស់មេបញ្ជាការសឹករងខេត្តព្រះសីហនុបើរកឃើញយ៉ាងម៉េច គឺត្រូវតែមានចំណាត់ការ»។

លោក ឈឹម ផលវរុណ បានលើកឡើងទៀតថា សម្តេចបានបញ្ជាក់ហើយថា ការប្រើប្រាស់កម្លាំងយោធា ក្នុងការអនុវត្តសាលដីនេះ គឺអត់ត្រូវនៅក្នុងលក្ខណៈសម្បត្តិជានគរបាលយុត្តិធម៌ គឺប្រើបានតែនគរបាល និងអាវុធហត្ថ ព្រមទាំងបានបញ្ជាក់ថា កាលណាគេប្រើទាហាន គឺប្រើក្នុងករណីសង្រ្គាម និងបញ្ហាសំខាន់ៗផ្សេងៗទៀត។ កាលណាប្រទេសមានសន្តិភាព សម្តេចបានប្រើទាហានដើម្បីតែជួយប្រជាពលរដ្ឋទេ។ ដូច្នេះហើយ សម្តេចបានបញ្ជាក់យ៉ាងច្បាស់ជូនសម្តេចពិជ័យសេនា។

ទាក់ទងនឹងបញ្ហាដីធ្លីនៅខេត្តព្រះសីហនុនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន ពិនិត្យលើលក្ខណៈគតិយុត្ត តើធ្វើយ៉ាងម៉េចទើបអាចគ្រប់គ្រងដីរដ្ឋ ធ្វើយ៉ាងម៉េចអាចផ្តល់ជូនដីសង្គមកិច្ច ដល់ប្រជាពលរដ្ឋដែលរស់នៅជាក់ស្តែងនៅលើដីនោះផងដែរ៕

ចែករំលែកអត្ថបទ