Friday, April 26, 2024
Latest:
ព័ត៌មាន​ជាតិ

ដើមឈើធំៗ ត្រូវគេឃើញ បានរងការកាត់ផ្តាច់ចេញពីគល់ ដួលក្រាលពេញទ្រូងព្រៃ នៅក្នុងដែនព្រៃការពាររបស់រដ្ឋមួយ ក្នុងខេត្តរតនគិរី

ខេត្តរតនគិរី៖ សម្លេងម៉ាស៊ីកាត់ឈើ លាន់កងរំពងពេញព្រៃ ហើយដើមឈើតូចធំស្ទើរគ្រប់ប្រភេទ បានរងការដួលរលំ និងត្រូវបានគេអារ ពុះ និងច្រៀកជា៤ជ្រុង ក្រោមសកម្មភាពល្មើសច្បាប់ ពីសំណាក់ក្រុមឈ្មួញមួយក្រុម បើទោះបីជាអាជ្ញាធរ ខេត្តរតនគិរី រឹតបន្តឹងយ៉ាងណាក្តី ។
នៅថ្ងៃអាទិត្យទី៩ធ្នូម្សិលមិញ អ្នកយកព័ត៌មានមួយក្រុម បានចុះទៅកាន់តំបន់ដែលរងការកាត់ឈើនោះ បន្ទាប់ពីមានសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះមក ហើយបានប្រទះឃើញ ឈើជ្រុងរាប់រយកំណាត់ ដែលឈ្មួញបានធ្វើសកម្មភាពកាត់បំផ្លាញ និងដឹកជញ្ជូនយកស្តុកទុក នៅក្នុងព្រៃដីចំការចាស់មួយកន្លែង ជិតព្រៃសហគមន ជាប់តំបន់កន្ទុយនាគ ស្ថិតនៅក្នុងភូមិមុយ ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគរី។
ឈើដែលប្រជាពលរដ្ឋ រាយការណ៍ប្រាប់អ្នកសារព័ត៌មាននោះ និងក្រោយពីអ្នកសារព័ត៌មានចុះទៅដល់តំបន់កាប់ឈើនោះ បានប្រទះឃើញឈើជ្រុងជាច្រើនប្រភេទ ដែលឈ្មួញបានដឹកយកមកគរទុក នៅប្របនឹងមាត់ព្រៃ ជាប់ចំការកៅស៊ូហ័ងអាញ់ និងនៅក្នុងព្រៃសហគម ជាប់តំបន់កន្ទុយនាគ មានឈើធ្នង់ ឈើគគី ឈើសុក្រំ និងភាគច្រើន គឺជាឈើស្រឡៅ មានច្រើនរយកំណាត់ មានមុខកាត់ចាប់ពី៤០ ដល់៧០សង់ទីម៉ែត្រ និងមានប្រវែង ៤ម៉ែត្រ ដល់៦ម៉ែត្រ ។
ក្រោយពីបានប្រទះឃើញឈើទាំងនោះហើយ ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន ក៏បានរាយការណ៍ជូន មេបញ្ជាការកងរាជអាវុធហត្ថស្រុកអណ្តូងមាស លោក ហាក់ ប៊ុន្នី លោកថា ជុំវិញការកាប់ឈើនោះ លោកមិនបានដឹងទាល់តែសោះ ហើយនៅពេលនេះ លោកពុំមានកម្លាំងគ្រប់គ្រាន់ សម្រាប់ចុះទៅបង្ក្រាបឈើទាំងនោះទេនៅក្នុងថ្ងៃនេះ។ តែលោកបានអះអាងថា នៅថ្ងៃស្អែក «ថ្ងៃ១០ធ្នូ២០១៨» លោកនឹងដឹកនាំកម្លាំងចុះទៅធ្វើការបង្ក្រាប និងរឹបអូសឈើទាំងនោះ យកមកទុកជាសម្បត្តិរដ្ឋនោះហើយ។ នៅព្រឹកថ្ងៃទី១០ធ្នូនេះ ក្រុមអ្នកយកព័ត៌មាន បានព្យាយាមទំនាក់ទំនងទៅលោក ហាក់ ប៊ុន្នី មេបញ្ជាការអាវុធហត្ថស្រុកអណ្តូងមាស ជាថ្មីម្តងទៀត ដើម្បីចង់ដឹងថាតើ នៅក្នុងថ្ងៃនេះ លោកបានអនុវត្តតាមការធានា កាលពីថ្ងៃម្សិលមិញនោះដែរឬយ៉ាងណា លោកក៏បានអោយដឹងតាមទូរស័ព្ទថា លោកបានដឹកនាំកម្លាំងមកដល់ទីតាំងស្តុកឈើខាងលើនេះហើយ ហើយលោកកំពុងតែរាយការណ៍ទៅលោកអភិបាលស្រុកដើម្បីមានវិធានការ និងរកមធ្យោបាយដឹកជញ្ជូនឈើទាំងនេះយករក្សាទុកផងដែរ។
ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះ បានរាយការណ៍ថា ដើមឈើប្រណិតមានតម្លៃនៅក្នុងដែនព្រៃការពារនោះ មានដូចជា ដើមឈើក្រញូង បេង នាងនួន និងឈើធ្នង់ជាដើមនោះ បានរងការបាត់បង់អស់ទៅហើយ គឺនៅសល់តែគល់ និងឬសតែប៉ុណ្ណោះ ។ លោកថា ក្រៅពីដើមឈើមានតម្លៃទាំងនេះ ដែលស្ទើរតែបាត់បង់ផុតពូជអស់ទៅនោះ នៅក្នុងព្រៃស្រោងនោះ គេឃើញ នៅមានសេសសល់ឈើស្រឡៅ ឈើគគី និងឈើសុក្រំ ហើយនៅគ្រាបច្ចុប្បន្ន ដើមឈើទាំងនេះ កំពុងប្រឈមនឹងការបាត់បង់ជាបន្តបន្ទាប់ ក្រោមសកម្មភាព និងស្នាដៃរបស់ឈ្មួញមួយក្រុម ដែលបានបំផុសប្រជាពលរដ្ឋមួយភាគ ប្រើម៉ាស៊ីនត្រង់ស៊ីន័រ កាត់ផ្តួល អារ ពុះ និងច្រៀកឈើទាំងនោះ ឲ្យក្លាយជាឈើជ្រុងមានតម្លៃ ដឹកយកមកស្តុកទុក រង់ចាំឧិកាសល្អ ដឹកតាមរថយន្តតូចធំគ្រប់ប្រភេទ នាំឆ្លងដែនយកទៅលក់ នៅក្នុងប្រទេសវៀតណាម។
គួរបញ្ជាក់ថា នៅគ្រាបច្ចុប្បន្ននេះ អាជ្ញាធរខេត្តរតនគិរី បានចាត់វិធានការយ៉ាងតឹងរឹងបំផុត នៅក្នុងការបង្ក្រាប និងទប់ស្កាត់ សកម្មភាពកាប់ឈើ និងដឹកជញ្ជូនឈើធ្វើជំនួញ ដោយខុសច្បាប់។ វិធានការនោះ ត្រូវបានប្រជាពលរដ្ឋ សម្តែងការគាំទ្រ ចំពោះចំណាត់ការរបស់អាជ្ញាធរ និងសមត្ថកិច្ច ខេត្តរតនគិរី ៕

ចែករំលែកអត្ថបទ