Saturday, April 20, 2024
Latest:
សន្តិសុខ​សង្គម

មិនធម្មតាមែន! បុរសម្នាក់​បើករថយន្តស៊េរីទំនើបទៅបុក​បង្គុលឡាក់បាក់៤ដើម និងដើមឈើ១ដើមក្រឡាប់រថយន្តឆេះយ៉ាងសន្ធោសន្ធៅ

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តស៊េរីនើបម៉ាកឡង់គ្រីស័រមួយគ្រឿងលឿនដូចហោះជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យបែកអស់មួយផ្ទាំងរួចរេចង្កូតឆ្លងផ្លូវម្ខាងទៀតជ្រុលទៅបុកបង្គូលឡាក់បាក់អស់៤ដើមនិងដើមឈើ១ដើមទៀត ធ្វើឲ្យរថយន្តក្រឡាប់ផ្ងាជើងម្ខាង និងឆ្លងចរន្តអគ្គីសនីឆាបឆេះយ៉ាងសន្ធេាសន្ធៅ បង្កឲ្យមានកាភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកជួយអន្តរាគមន៍កាលពីវេលាម៉ោង១០និង ៣០នាទីយប់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចមុខវិទ្យាល័យជាសុីម​សាមគ្គី តាមបណ្តោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់បឹង​សាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋនៅនិងកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡង់គ្រីស័រពណ៌ស ពាក់ស្លាកលេខភ្នំពេញ​2AV-0097 ធ្វើដំណើរតាមបណ្ដោយផ្លូវ271ទិសដៅពី​ជើង​ទៅត្បូងក្នុងល្បឿនលឿនដូចហោះ ខណ:មកដល់ចំណុចកើតហេតុខាងលើដោយសារផ្លូវកោង​ និងលឿនផង ក៏បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែក​ទ្រូវផ្លូវបណ្តាលឲ្យ បែកអស់មួយផ្ទាំង ហើយរថយន្តបង្កមិនទាន់អស់ល្បឿនបានឆ្លងផ្លូវទៅម្ខាងទៀតជ្រុលទៅបុក​បង្គោលឡាក់នៅរបងសាលាសាមគ្គីបាក់អស់៤ដើមនិង​ដើមឈើ១ដើមទៀត បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងាជើង​ម្ខាងឆ្លងចរន្តអគ្គីសនីឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដង ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅម្តុំកន្លែងកើត​ហេតុ​ចុះមកជួយនិងយកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់អស់​២បំពង់នៅមិនរលត់ទើបបានរាយការណ៍ទៅសមត្ថកិច្ចយក​រថយន្តពន្លត់អគ្គីភ័យចុះមកអន្តរាគមន៍ ដោយមានរថយន្តចំនួន៣គ្រឿងមកដល់ និងបានប្រើប្រាស់ទឹកអស់១គ្រឿងទើបបានបាញ់រលត់ទៅវិញទាំងស្រុង។ ចំណែករថយន្តបង្កខូចខាតទាំងស្រុងសល់តែទួកម៉ាសុីន។ ដោយឡែកម្ចាស់រថយន្តគេចខ្លួនបាត់ពីកន្លែងកើតហេតុ តែសំណាងល្អនៅក្នុងហេតុការនោះមិនមានអ្នករងរបួសនោះទេ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានី​ភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

ចែករំលែកអត្ថបទ