អគ្គនាយិកា មជ្ឈមណ្ឌលព័ត៌មាន នគរវត្ត នាំយកគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកាជាង២ម៉ឺនដុល្លារ យកទៅប្រគល់ជូន កងទ័ពដែលកំពុងឈរជើងជួរមុខការពារព្រំដែនកម្ពុជា-ថៃ ទិសទីមួយខេត្តព្រះវិហារ
ខេត្តព្រះវិហារ ៖ លោកស្រី កែកុល សោភា អគ្គនាយិកា មជ្ឈមណ្ឌលព័ត៌មាន នគរវត្ត និងលោកស្រី ហង់ វុត្ថា ប្រធានក្រុមហ៊ុនស្នាដៃនារីខ្មែរសាឡន កាលពីរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំ ប្រតិភូនិងសហការី ជាច្រើនរូបចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគ បរិភោគ ព្រមទាំងថវិកា យកទៅប្រគល់ជូន កងទ័ពដែលកំពុងឈរជើងជួរមុខការពារព្រំដែនកម្ពុជា-ថៃ ទិសទីមួយខេត្តព្រះវិហារ ដែលស្ថិតនៅក្រោមការដឹកនាំរបស់ នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ដិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការ រង នៃ កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ។
នៅក្នុងពិធីនេះដែរ លោកស្រី កែកុល សោភា ក៏បានលើកឡើងសម្ដែងនូវគោរព ស្រឡាញ់ និងសូមបួងសួង ដល់រុក្ខទេវតាថែរក្សាព្រឹកព្រៃ បារមី គ្រប់ទិសទាំងអស់ តាមថែរក្សាផ្ដល់កម្លាំងខ្លាំងក្លា មាំមួន សុខភាពល្អ ដល់ នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ដិត និងកងទ័ពរបស់យើងទាំងអស់គ្នាហើយជាពិសេស ដែលគោរពតាមការដឹកនាំដ៏ឆ្លាតវៃ របស់ សម្តេចធិបតី និង សម្តេចតេជោ របស់យើង។
ជាចុងបញ្ចប់លោកស្រី សូមអរគុណ បងប្អូនកងទ័ពយើងជាខ្លាំង ដែលបានផ្តល់ពេលវេលាដ៏មានតម្លៃអោយលោកស្រី និងសហការីទាំងអស់បាន ជួបនៅពេលនេះ។ លោកស្រីសង្ឃឹមយ៉ាងមុតមាំថា នឹងមានឱកាសបានជួប នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ដិត និងបងប្អូនកងទ័ពយើងម្តងទៀតក្នុងពេលឆាប់ៗនេះ ។
សូមបញ្ជាក់ជូនផងដែលថា គ្រឿងឧបភោគ បរិភោគ រួមមាន ៖
-ទឹកត្រីបង្កងប៉ាក ចំនួន ៣០០ យួ
-ទឹកសុីអុីវរូបគោ ចំនួន ៣០០ យួ
-ត្រីខ កំប៉ុង ចំនួន ៣០០ កេស
-មី-ជាតិ ចំនួន ៣០០ កេស
-ទឹកសុទ្ធ អរុណា ចំនួន ៣០០ កេស
-ក្រមាខ្មែរ ចំនួន ៣០០ ក្រមា
ដែលសរុបជាទឹកប្រាក់ស្មើនឹង ៨,៨៤៤ដុល្លារ និងថវិការចំនួន ១១,៤០០ ដុល្លារ សរុបទាំងអស់ស្មើនឹងទឹកប្រាក់ចំនួន ២០,២៤៤ដុល្លារ មកប្រគល់ជូន នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ដិត និងកងទ័ពជួរមុខរបស់យើង។
លោកស្រីបន្តថា , អ្វីដែលលោកស្រីបានមកដល់នាថ្ងៃនេះ គឺដើម្បីដឹងគុណ វីរីភាព អង់អាចក្លាហានរបស់កងទ័ព ដែលបានលះបង់សេចក្តីសុខផ្ទាល់ខ្លួន ដើម្បីការពារទឹកដី សេចក្តីសុខដល់ប្រជាពលរដ្ឋទូទាំងប្រទេស ហើយក៏ជាការចូលរួមលើកទឹកចិត្ត ដល់បងប្អូនកងទ័ព ។
នៅក្នុងពិធីចុះសួរសុខទុក្ខនេះផងដែរ នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ដិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការ រង នៃ កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានថ្លែងអំណរគុណដល់លោកស្រី កែកុល សោភា អគ្គនាយិកា មជ្ឈមណ្ឌលព័ត៌មាន នគរវត្ត និងសហការីទាំងអស់ ដែលមានសណ្ដានចិត្ត លើកទឹកចិត្តដល់កងទ័ពយើង តាមរយៈចូលរួមគាំទ្រ ក្នុងន័យខ្មែរស្រឡាញ់ខ្មែរ បាននាំយកនូវគ្រឿងឧបភោគ បរិភោគផ្ដល់ជូនដល់កងទ័ពដោយផ្ទាល់នៅទីនេះ ៕