សន្តិសុខ​សង្គម

លួចម៉ូតូបានហេីយម្ចាស់តាមទាន់ដេញចាប់បានម្នាក់ប្រគល់ឱ្យសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖​ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក ២នាក់ត្រូវបានប្រជាពលរដ្ឋដេញឃាត់ខ្លួនបានក្រោយពីធ្វេីសកម្មភាពលួចម៉ូតូមួយគ្រឿងបានសម្រេច។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២និង៣០នាទី​ រសៀលថ្ងៃទី១១​ ខែកុម្ភៈ ឆ្នាំ២០២៤​ នៅចំណុផ្ទះលេខA៤G (បុរីឈូកវ៉ា២) ផ្លូវបេតុង ស្ថិតនៅភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទី១ឈ្មោះ ជា ចាន់ធី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឫស្សី សង្កាត់ស្ទឹងមាន ជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ (ជនសង្ស័យមានសារធាតុញៀន)

ជនសង្ស័យទី២ឈ្មោះ ហៅទីន ភេទប្រុស អាយុប្រហែល៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំផ្សារស៊ិនជូរី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ (គេចខ្លួន)

ចំណែកជនរងគ្រោះមានឈ្មោះ សន ច័ន្ទថេង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាងដែក ស្នាក់នៅលេខA៤៧ (បុរីឈូកវ៉ា២) ផ្លូវ បេតុង ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ដកហូតបានដែកកែច្នៃរាងសំប៉ែតមានចុងស្រួច សម្រាប់កាច់សោរកម៉ូតូចំនួន ០១ដើម។
សោរទើបលេខ៨ លេខ១០ លេខ១២ផ្សារភ្ជាប់គ្នាបីជ្រុងចំនួន ០១។
ទូរស័ព្ទដៃ០១គ្រឿងម៉ាកOРРО។
ម៉ូតូ០១គ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ឆ្នាំផលិត២០១៧ មានលេខតួ ND 125M-9751769 និងលេខម៉ាស៊ីនៈ ND 125ME-9751769 ពាក់ផ្លាកលេខ តាកែវ 1M-6904។ (ជារបស់ជនរងគ្រោះឈ្មោះ សន ច័ន្ទថេង បានប្រគល់ជូនជនរងគ្រោះវិញ)

យោងតាមការបំភ្លឺពីជនរងគ្រោះឈ្មោះ សន ច័ន្ទថេង ភេទប្រុស អាយុ២២ឆ្នាំ បានអោយសមត្ថកិច្ចយើងដឹងថា មុនពេលកើតហេតុ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១២ និង០០នាទីថ្ងៃត្រង់ រូបខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០១៧ ពាក់ផ្លាកលេខ តាកែវ 1M-6904 ចេញពីកន្លែងធ្វើការ ត្រឡប់មកសម្រាកនៅផ្ទះលេខA៤៧ (បុរីឈូកវ៉ា២) ផ្លូវបេតុងស្ថិតនៅភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កន្លែងកើតហេតុ ដោយចាក់សោរករម៉ូតូទុកនៅខាងមុខផ្ទះ រួចនាំក្រុមគ្រួសារហូបបាយនៅក្នុងផ្ទះ។ បន្ទាប់ពីបាយរួចម៉ោងប្រហែល ១២និង៣០នាទី ថ្ងៃ-ខែ-ឆ្នាំដដែល រូបខ្លួនក៏បានមកអង្គុយសម្រាកនៅតុកុំព្យូទ័រក្នុងផ្ទះ ហើយផ្តេកខ្លួននៅលើតុចុចទូរស័ព្ទលេង បានមួយសន្ទុះក្រោយមកស្រាប់តែបានលឺសម្លេងម៉ូតូ ភ្លាមនោះរូបខ្លួន បានក្រឡេកមើលពីក្នុងផ្ទះមក ស្រាប់តែបាន ឃើញជនសង្ស័យ០២នាក់ដោយម្នាក់កំពុងធ្វើសកម្មភាពជិះម៉ូតូរបស់ខ្លួន ចេញពីមុខផ្ទះ ឃើញដូចនោះ រូបខ្លួនក៏ស្ទុះចេញពីក្នុងផ្ទះរត់ដេញតាមចាប់បានជនសង្ស័យម្នាក់រួចក៏ស្រែកឆោឡោឡើង និងបានស្រែកហៅប៉ាក្មេករបស់ខ្លួនអោយមកជួយ ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែនោះមកជួយអន្តរាគម ព្រមទាំង បានវាយទៅលើជនសង្ស័យបណ្តាលអោយរងរបួសពេញខ្លួន ចំណែកឯជនសង្ស័យម្នាក់ទៀតបានជិះម៉ូតគេចខ្លួនបាត់។

ក្រោយកើតហេតុ រូបខ្លួនបានរាយការណ៍ជូនសមត្ថកិច្ច និងបានប្រគល់ជនសង្ស័យម្នាក់ឈ្មោះ ជា ចាន់ធី ព្រមទាំងវត្ថុតាងឲ្យមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ ដើម្បីសាកសួរបន្ថែម និងដាក់ពក្យបណ្ដឹងបន្តចំណាត់ការ តាមនីតិវិធីតែម្តង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់។ ចំណែកបក្ខពួកជនសង្ស័យម្នាក់ទៀតសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់៕

ចែករំលែកអត្ថបទ