Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

រថយន្តមួយគ្រឿងដឹកថ្នាំពេទ្យ ឆាបឆេះយ៉ាងសន្ធោរសន្ធៅនៅក្រុងសៀមរាប ដោយសារឆ្លងចរន្តអគ្គិសនី

ខេត្តសៀមរាប៖ មានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចខេត្តសៀមរាប ដោយមានរថយន្តម៉ាកស្តារិច មួយគ្រឿងជាកម្មសិទ្ធរបស់ក្រុមហ៊ុន Medibest បានឆាបឆេះដោយសារឆ្លងចរន្តអគ្គិសនីនៅមុខតាប្លូមុខរថយន្ត នៅចំណុចផ្សារកណ្ដាល ខាងមុខឱសថស្ថានព្រះវិហារ។

ហេតុការណ៍ឆាបឆេះនេះ បានកើតឡើងនៅវេលាម៉ោង១៤នឹង០០ នាទីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

តាមការបញ្ជាពីអធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា មានករណីឆេះរថយន្តមួយគ្រឿងនៅចំនុចមុខឱសថស្ថានព្រះវិហារស្ថិតក្នុងក្រុមទី២ ភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ដែលបើកបរដោយឈ្មោះ ជ្រែង វៃ ភេទប្រុស អាយុ ២៧ឆ្នាំស្រុកកំណើត ភូមិ ឈ្លីតលើ ឃុំខ្ជាយខាងត្បូង ស្រុកដងទង់ខេត្តកំពត។

លោកបន្ថែមថា ការខូចខាតអស់រថយន្តចំនួន០១ ម៉ាកស្តារិច ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2Y-5865 ជាកម្មសិទ្ធ ក្រុមហ៊ុនMedibest នៅភ្នំពេញ ថ្នាំពេទ្យ ប្រហែល២.០០០ដុល្លារ រថយន្តខូចខាតទាំងស្រុង ហើយរថយន្តនេះជាកម្មសិទ្ធ ក្រុមហ៊ុនMedibest នៅភ្នំពេញ។

ក្នុងហេតុការណ៍នេះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង បាញ់ពន្លត់ និងមិនបណ្ដាលឱ្យប៉ះពាល់ដល់អាយុជីវិត ឬអ្នករងរបួសឡើយ៕

ចែករំលែកអត្ថបទ