Monday, April 29, 2024
Latest:
ព័ត៌មាន​ជាតិ

ឯកឧត្តម នុត ពុធដារ៉ា អញ្ជើញដឹកនាំប្រតិភូខេត្ត ចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រុញ សត្តម៉ា

ខេត្តកណ្ដាល៖ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ បានដឹកនាំប្រតិភូខេត្តកណ្តាល រួមមានឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត មន្ទីរជុំវិញខេត្ត និងមន្ត្រីរាជការ មកចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រុញ សត្តម៉ា នាយទាហានការពារផ្ទាល់ បញ្ជាការដ្ឋានអង្គរក្ស ដែលបានទទួលមរណភាព កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១:៥៣នាទី ក្នុងជន្មាយុ ៥៤ឆ្នាំ ដោយរោគាពាធ។

ក្នុងពិធីនេះ ឯកឧត្តម នុត ពុធដារ៉ា បានថ្លែងនូវការសោកស្តាយចំពោះ មរណភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រុញ សត្តម៉ា ដែលជាការបាត់បង់នូវស្វាមី បិតា និងជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅប្រកបដោយព្រហ្មវិហារធម៌ ដែលបានប្រឹងប្រែងអស់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ដោយឥតនឿយហត់ ប្រកបដោយទឹកចិត្តស្មោះត្រង់ ចំពោះជាតិ និងរាជរដ្ឋាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ឯកឧត្តម ព្រមទាំងប្រតិភូខេត្ត បានការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយ ក្រុមគ្រួសារញាតិមិត្តទាំងអស់នៃសព និងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្ដម ប្រុញ សត្តម៉ា សូមបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្តក៍បាន អញ្ជើញសរសេរសារក្នុងសៀវភៅរំលែកមរណទុក្ខ ដោយបានរៀបរាប់ពីការសោកស្តាយជាពន់ពេក ចំពោះមរណភាពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រុញ សត្តម៉ា ហើយឯកឧត្តមក៏បាន ចូលបច្ច័យចំនួន ១លានរៀលដល់គ្រួសារសពផងដេរ។

សូមបញ្ជាក់ថា បច្ចុប្បន្នសពរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រុញ សត្តម៉ា កុំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅគេហដ្ឋាន ស្ថិតនៅសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

ចែករំលែកអត្ថបទ