Monday, April 29, 2024
Latest:
សន្តិសុខ​សង្គម

និស្សិតសាលាតិចណូ ម្នាក់ចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួលទាំងមិនដឹងមូលហេតុ

ភ្នំពេញ៖ យុវជនជានិស្សិតនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាម្នាក់សម្រេច បញ្ចប់ជីវិតដោយបានចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ជួលជាន់ទី ៣ ដោយពុំដឹងពីមូលហេតុឡើយបន្សល់ទុកបណ្ដាំមួយសន្លឹកទុកឱ្យម្ដាយជាទីស្រលាញ់។

ការធ្វើអត្តឃាតនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ២រសៀលថ្ងៃទី១៧ ខែមករាឆ្នាំ២០២១ នៅចំណុចផ្ទះជួលមួយកន្លែងខាងជើងវត្តទឹកថ្លាក្នុងភូមិចុងខ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

យុវជននិស្សិតខាងលើមានឈ្មោះ ម៉ា ត្រា អាយុ ២១ ឆ្នាំជានិស្សិតឆ្នាំទី៤ ផ្នែកគីមី ចំណីអាហារនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាស្នាក់នៅបន្ទប់ជួលលេខ36កន្លែងកើតហេតុខាងលើនិងមានស្រុកកំណើតនៅភូមិទ្រាសឃុំ ទ្រាស ស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ។

និស្សិតរូបនោះបានចងកសម្លាប់ខ្លួននិងក្រមាជាប់ទៅនឹងប្រហោងខ្យល់បន្ទប់ទឹកហើយបង្កឱ្យមានការភ្ញាក់ផ្អើលខណៈពេលដែលម្ដាយទូរស័ព្ទមិនចូលហើយបានទាក់ទងមកម្ចាស់ផ្ទះឲ្យមកមើល។
ទាក់ទិនការធ្វើអត្តឃាតនេះគេពុំដឹងពីមូលហេតុអ្វីឡើយគេមានការសង្ស័យថា យុវជនរូបនោះតូចចិត្តខ្លួនឯងដោយសារម្ដាយស្ដីបន្ទោសបន្តិចបន្តួច។
តាមម្ចាស់ផ្ទះជួលបានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅវេលាម៉ោងប្រមាណជា១២ ថ្ងៃត្រង់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នេះស្ត្រីជាម្ដាយបានទូរស័ព្ទមកឲ្យទៅមើលបន្ទប់កូនរបស់គាត់ដោយសារគាត់តេមិនចូលបិទទូរស័ព្ទក៍បានប្រទះឃើញបន្ទប់បិទទ្វារហើយនាំគ្នាដោះកញ្ចក់មើលឃើញសពចងកក្នុងបន្ទប់ទឹក។

តាមព័ត៌មានឱ្យដឹងថា នៅវេលាល្ងាចថ្ងៃទី ១៦ខែមករា និស្សិតរូបនោះទូរស័ព្ទទៅម្ដាយ ទំនងជាខឹងម្តាយស្តីបន្ទោស ក៍បានបិទទូរស័ព្ទមិននឹកស្មានចងកបែបនេះឡើយ បន្ទាប់ភ្ញាក់ផ្អើលម្ចាស់ផ្ទះរាយការណ៍ប្រាប់សមត្ថកិច្ចដើម្បីធ្វើការត្រួតពិនិត្យ។

នៅក្នុងបន្ទប់សមត្ថកិច្ចរកឃើញមានសំបុត្រមួយច្បាប់ដែលយុវជនរូបនោះសរសេរជាភាសាអង់គ្លេសផ្ញើទុកជូនម្ដាយ ចំណែកសពត្រូវបានក្រុមគ្រួសារនាំទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ