Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

បុរសម្នាក់រត់ទៅទាញកាំភ្លើងរបស់សមត្ថកិច្ចប៉ុស្តិ៍សំពៅពូនបាន៣ដើម ហើយបាញ់៧គ្រាប់ ដោយសារខឹងសមត្ថកិច្ចឃាត់ខ្លួនរឿងខ្លួនបើករថយន្តបុកបង្គោលភ្លើងបំភ្លឺផ្លូវ

ខេត្តកណ្តាល៖ ជនបង្កដែលបានរត់ទៅទាញយកកាំភ្លើងប៉ូលីសទុកក្នុងប៉ុស្តិ៍សំពៅពូន ហើយបាញ់ឡើងលើចំនួន៧គ្រាប់ កាលពីថ្ងៃរសៀលនោះពេលនេះ ត្រូវបានសមត្ថកិច្ចចូលចាប់ខ្លួនបានហើយ នៅវេលាម៉ោង១០:១០នាទីយប់ នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ នៅក្នុងប៉ុស្តិ៍សំពៅពូនតែម្តង ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង០១:៣០នាទីរសៀលថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយបុរសម្នាក់ បើករថយន្តដឹកទំនិញ បានបើកបុកបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ ហើយសមត្ថកិច្ចនគរបាលប៉ុស្តិ៍សំពៅពូន បានឃាត់ខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍ ដើម្បីធ្វើការដោះស្រាយសងការខូចខាតទ្រព្យសម្បត្តិរដ្ឋ ។

ប៉ុន្តែរឿងដែលស្មានមិនដល់នោះ ក្រោយពេលធ្វើការសាកសួរ ស្រាប់តែជនបង្កខាងលើ រត់ចូលក្នុងបន្ទប់ប៉ុស្តិ៍នគរបាលសំពៅពូន រួចទាញកាំភ្លើងអាកាបានចំនួន៣ដើម រួចបាញ់ឡើងលើចំនួន៧គ្រាប់ ដើម្បីគំរាមសមត្ថកិច្ច ។

ក្រោយពីមានហេតុការណ៍នេះ លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំកម្លាំងធ្វើការឡោមព័ទ្ធជនបង្កខាងលើនេះ ដែលកំពុងលាក់ខ្លួនជាមួយនឹងកាំភ្លើងចំនួនបីដើមនៅក្នុងប៉ុស្តិ៍នោះតែម្ដង ហើយបានហៅម្ចាស់ក្រុមហ៊ុនអោយមកជួយនិយាយលួងលោមជនបង្ក មិនតែប៉ុណ្ណោះថែមទាំងបានទាក់ទងទៅម្តាយបង្កើតរបស់ជនបង្កអោយមកជួយនិយាយលួងលោមកូនរបស់ខ្លួន ដើម្បីជៀសវាងករណីផ្ទុះអាវុធកើតឡើង តែមិនបានសំរេចនោះទេ ។

លុះរហូតដល់ម៉ោង១០:០០នាទីយប់ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ដដែល ទើបសមត្ថកិច្ចសំរេចបាញ់គ្រាប់កាំភ្លើងផ្សែងបង្ហូរទឹកភ្នែក រួចចូលចាប់ជនបង្កបានតែម្តងទៅ ។

គួរបញ្ជាក់ផងដែរថា ជនបង្កមានឈ្មោះ ពៅ ហេង អាយុ២៦ឆ្នាំ រស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល មានមុខរបរជាអ្នកបើករថយន្តដឹកទំនិញអោយក្រុមហ៊ុនមួយ ៕

ចែករំលែកអត្ថបទ