Thursday, May 2, 2024
Latest:
សន្តិសុខ​សង្គម

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្ដាលឲ្យដួលត្រូវរថយន្តធំបើកមកពីក្រោយកិន​ស្លាប់ម្នាក់និងរងរបួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ​ ៖​ បុរសម្នាក់បានស្លាប់យ៉ាង អណោចអធម៌ បន្ទាប់ពីជិះម៉ូតូវ៉ាជែងរថយន្តមួយគ្រឿង មិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតចំពីមុខ ពេញទំហឹងបណ្ដាលឲ្យដួលហើយក៏ មានរថយន្តធន់ធំមកកិនចំក្បាលបែក​ ៖​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង ៥០នាទី​យប់ថ្ងៃច័ន្ទ ទី២៨ ខែធ្នូ ឆ្នាំ ២០២០ត្រង់ចំណុចខាងកើតបុរី សន្តិភាព២ ប្រមាណជាង១០០​ម៉ែត្រស្ថិតនៅ តាមបណ្ដោយផ្លូវ៣០ម៉ែត្រក្នុងភូមិដំណាក់ត្រយឹង សង្កាត់ ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ហ៊ុយ សុភារិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ រស់នៅក្នុងភូមិ​ចំរេះ ឃុំស្វាយធំ ស្រុកស្វាយជ្រំខេត្តស្វាយរៀង ដោយជិះម៉ូតូម៉ាកFZ-Z ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ​1CW.5509ជិះតែម្នាក់ឯង។
ចំណែកខាងម៉ូតូឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខកំពង់ចាម​1N.3144ជិះឌុបគ្នាដោយបុរស៣នាក់រង​របួសធ្ងន់២នាក់និងស្រាលម្នាក់។

តាមសម្ដីរៀបរាប់របស់បុរសម្នាក់ជាជនរង​គ្រោះដែលរងរបួសស្រាលបានប្រាប់ឲ្យដឹងថាដំបូងឡើយពួកគាត់មានគ្នា៣នាក់ជិះម៉ូតូម៉ាកឌ្រីមសង់តាមបណ្ដោយផ្លូវ៣០ម៉ែត្រទិសដៅពីកើតមក លិចក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាង​លើស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកអេសហ្សែត (FZ-Z)មួយគ្រឿងបើកតាមបណ្តោយផ្លូវ៣០ម៉ែត្រទិសដៅពីលិចមកកើត បញ្ច្រាស់ទិសគ្នាបានវ៉ាជែងរថយន្តធុនធំមួយគ្រឿងមិនចាំម៉ាក ក៏ជ្រុលចង្កូតមកបុក​ពួកគាត់ ពេញទំហឹងបណ្ដាលឲ្យដួលទាំងសង្ខាង ខណ:នោះស្រាប់តែរថយន្តដែលគាត់វ៉ាជែងហ្នឹងបានកិនចំក្បាលជនរងគ្រោះស្លាប់ មួយរំពេចនៅនឹងកន្លែងកើតហេតុ ភ្លាមៗរថយន្តដែលកិនបានបន្ថែមល្បឿន​រត់បាត់ ស្រមោល។​ ចំណែក ភាគីខាងម៉ូតូឌ្រីម​សង់បាន រងរបួសធ្ងន់២នាក់និងស្រាលម្នាក់ក៏មានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះជីវិតនៅគ្លីនិកឯកជនផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមក​វាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅ​រក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក​នៃស្នងការ នគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែក​សពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ឱ្យក្រុមគ្រួសារដឹកយក ទៅស្រុក​កំណើតធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកអត្ថបទ