នារីរូបស្រស់បើករថយន្តបុកម៉ូតូសណ្តោងរឺម៉កបណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់រួចព្យា​យាមបើករត់ត្រូវរថយន្តធ្លាក់ចូល​ប្រឡាយ

ភ្នំពេញ៖​ បុរសម្នាក់រងរបួសធ្ងន់ បន្ទាប់ពីបើករឺម៉កតាមផ្លូវ ត្រូវបាននារីរូបស្រស់ម្នាក់រួមដំណើរនឹងរីម្នាក់ទៀត បើករថយន្ត តូយូតាព្រូសមួយគ្រឿងជ្រុលទៅបុកម៉ូតូសណ្តោងរឺម៉ក ពេញទំហឹង ហើយព្យាយាមបើករថយន្តរត់ជិតមួយគីឡូម៉ែត្ររេចង្កូតធ្លាក់​ចូលទឹកប្រឡាយទៅមុខលែងរួច។
គ្រោះថ្នាក់ចរាចរណ៏ខាងលើនេះកើតឡើងកាលពីវេលាម៉ោង១១ និង១០ នាទីយប់ថ្ងៃអាទិត្យ ទី០៩ខែសីហា ឆ្នាំ២០២០​ នៅតាមបណ្ដោយផ្លូវបេតុង ជាប់ផ្លូវរថភ្លើង ក្បែរនឹងបូរីឈូកវ៉ា២ ក្នុងភូមិការកាប សង្កាត់កាកាប​ទី២ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញនារីរូបស្រស់ម្នាក់រួមដំណើរនិងនារីម្នាក់ទៀត បើករថយន្តម៉ាកតូយូតាព្រូស ពណ៌ស មួយគ្រឿងពាក់ផ្លាក លេខភ្នំពេញ2AI.9144ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើត​ហេតុខាងលើបានរេចង្កូតទៅបុកម៉ូតូសណ្ដោងរឺម៉កម៉ាក វ៉េវ ពណ៌ខ្មៅលាយក្រហម គ្មានផ្លាកលេខបើកបរដោយបុរស​ម្នាក់ក្នុងទិសដៅបញ្ច្រាស់ទឹសគ្នាពីលិចទៅកើតចំរឺម៉ក ដែលចាប់ជាប់នឹងចំហៀងម៉ូតូពេញទំហឹងបណ្តាលរឺម៉កបាក់ខ្ទេចខ្ទីនិងម្ចាស់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែករថយន្តបង្កបានព្យាយាមបើករត់បានជិតមួយគីឡូម៉ែត្រធ្លាក់ចូលក្នុងទឹកប្រឡាយទៅមុខ លែងរួចនិងរងការខូចខាតផ្នែកខាងមុខខាងឆ្វេងយ៉ាងដំណំ។ភ្លាមនោះប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះក៏បាន នាំគ្នាឃាត់អ្នកបើកបរនិងអ្នករួមដំណើរប្រគល់ជូនសមត្ថកិច្ច មូលដ្ឋានភ្លាម។

ក្រោយកើតហេតុសមត្ថកិច្ចបាននាំខ្លួននារីទាំងពីរនាក់មកប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី២ទុកប្រគល់ជូនជំនាញបន្តតាមនិតិវិធី។ចំណែករថយន្តនិងម៉ូតូសណ្តោងរឺម៉ក សមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុក​នៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានី​ភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ចែករំលែកអត្ថបទ