Sunday, April 28, 2024
Latest:
សន្តិសុខ​សង្គម

មេនគរបាល​ ចរាចរណ៍ផ្លូវគោក ខេត្តកំពង់ធំ ផឹកស្រវឹងបើករថយន្តបុករនាំង​រូបសំណាក​លោកតាអាចារ្យលាក់​ ​រួច​ ជេប្រមាថ​ លោកអភិបាលខេត្ត ត្រូវនាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឱ្យចាត់វិធានការជាបន្ទាន់

កំពង់ធំ​៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ​ បាន​បញ្ជា​ឱ្យសមត្ថកិច្ចជំនាញ ចាត់វិធានការជា​បន្ទាន់ តាមវិន័យកងកម្លាំងនគរបាលជាតិ​ ទៅលើ​ លោក រុំ សុវិជ្នានាយការិយាល័យ​ នគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន​នគរបាលខេត្ត​កំពង់ធំ ដែលផឹកស្រាស្ររឹងជោក​ជាំ​ បើករថយន្តទៅបុករនាំងបរិវេណរូបសំណាកលោកតាអាចារ្យលាក់ បណ្តាលឱ្យរងការខូចខាត​ រួចបានស្រែកជេរប្រមាថ​យ៉ាងធ្ងន់​ ទៅលោក​ អភិបាលខេត្តកំពង់ធំ​លោក សុខ លូ ថានៅទីតាំកើតហេតុមិនមាន​ដាក់ភ្លើងបំភ្លឺ និងដាក់ចំណាំងផ្លាត ទើបឱ្យគាត់ជួបគ្រោះថ្នាក់បែបនេះ ប៉ុន្តែតាមការពិត​នៅទីតាំងកើតហេតុមានភ្លើងបំភ្លឺគ្រប់គ្រាន់ និងមានចំណាំងផ្លាតយ៉ាងពិតប្រាកដ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបាន​បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩និង​១២នាទីយប់ថ្ងៃទី១៥ខែឧសភាឆ្នាំ២០២០​ ស្របពេលដែល​ រាជរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាន​នគរ​បាលជាតិ បាននិងកំពុងអនុវត្តការ​ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេសតាំងពីថ្ងៃទី១ ខែឧសភាឆ្នាំ២០២០ មកម្លេះ​ បែ​ជាខ្លួនឯងជាមន្ត្រីនគរបាលមានតួទាទីជា​នាយការិយាល័យ​ ចរាចរណ៍ផ្លូវគោក ខេត្តកំពង់ធំ​ ថែមទៀតផង​ មិនអនុវត្ថតើឲ្យ​អ្នកណាធ្វើតាម​ ។

សូមបញ្ជាក់ថា​ លោក រុំ សុវិជ្ជា កាលពីថ្ងៃទី​២៦ ខែមីនាឆ្នាំ២០២០ ត្រូវបានសម្តេចក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតព្រមានលើកទី១ ម្ដងរួចហើយ​ ដោយសារតែធ្វេស ប្រហែសក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនហើយសម្តេចក្រឡាហោម បានបញ្ជាក់​ទៀតថា បើនៅតែប្រព្រឹត្តផ្ទុយពីការណែនាំនឹងចាត់វិធានការណ៍តាមវិន័យរបស់​ កង​កម្លាំងនគរបាលជាតិ ជាក់ជាពុំខាន។

មន្ត្រីនគរបាលរូបនេះកន្លងមកក៏ធ្លាប់បានជេរប្រមាថ ដោយសម្តីអសុរោះ ទៅលើអ្នកគ្រូពេទ្យនៅខេត្តកំពង់ធំ ដែរកាលពីពេលដែលរូបគាត់បានចូលទៅអុកឡុក រករឿង នៅក្នុងមន្ទីរពេទ្យ ដើម្បីចូលមើលមិត្តភក្តិផឹកស៊ីរបស់ខ្លួន ជួបគ្រោះ​ថ្នាក់ចរាចរណ៍ ដែលគេបញ្ជូនទៅ​កាន់មន្ទីរពេទ្យ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តកំពង់ធំ បានឲ្យដឹងថា បន្ទាប់ពីបង្កហេតុ និងស្រែកឡូឡាបានមួយសន្ទុះ មានបក្ខពួក​ដែលគេដឹងថា ជា​ មន្ត្រីនគរបាលដូចគ្នា បាន​នាំគ្នាមករំដោះ​យករថយន្តបង្កហេតុទៅទុក​នៅ​យាន​ដ្ឋានមួយកន្លែងទាំងយប់ ដើម្បីបិទ​បាំងករណីនេះ។
អ្នកដែលឃើញហេតុការណ៍បានសំណូមពរដល់​ សម្ដេចក្រឡាហោម និង​នាយឧត្តម​សេនីយ៍​ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ មេត្តាចាត់​វិធានការឱ្យបាន​ធ្ងន់ធ្ងរ​ ចំពោះបុគ្គល រូបនេះដើម្បីជាគំរូ​ដល់មន្ត្រីដទៃទៀត និងដើម្បីចូលរួមការរឹត​បន្ដឹងការនុវត្តន៍ច្បាប់ចរាចរណ៍ឱ្យកាន់តែ​មានប្រសិទ្ធភាព​ ហើយការសូមទោសណា​មួយ វាមិនអាចបំពេញ​នូវទោស កំហុសរបស់ខ្លួនដែលបានប្រព្រឹត្តឡើយ៕

ចែករំលែកអត្ថបទ